ឯកឧត្តមទីប្រឹក្សាក្រសួងព័ត៌មានដើមកំណើតខ្មែរឥស្លាមនិងសប្បុរសជនរួមគ្នាចែករំលែកធនធានផ្ទាល់ខ្លួនជួយជនរងគ្រោះដោយអគ្គីភ័យ១៦គ្រួសារនៅខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

កំពង់ចាម៖ ឯកឧត្តម ម៉ូត ទូល័ស ទីប្រឹក្សាក្រសួងព័ត៌មាន មានដើមកំណើតខ្មែរឥស្លាម និង លោកស្រី មីន សាលី ហាស នាយិកា ក្រុមហ៊ុន សារីពីនគ្លូបលដែ ព្រមទាំងសហការី កាលពីថ្ងៃទី៤ខែមីនាបាននាំយកអំណោយ​ចែកជូន ដល់ ប្រជាជនរងគ្រោះចំនួន16គ្រួសារ ដែលត្រូវបានអគ្គិភ័យលេបត្របាក់ផ្ទះអស់ចំនួន១៦ខ្នង និងទ្រព្យ សម្បត្តិអស់ ជាច្រើន នៅភូមិស្វាយ តានាន់ ” ខ” ឃុំរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ឯកឧត្តម ម៉ូតត ទូល័ស ទីប្រឹក្សាក្រសួងព័ត៌មាន បានផ្តាំផ្ញើឲ្យបងប្អូនត្រូវមានក្តីសង្ឃឹមព្រមទាំងកាត់ ចិត្តចំពោះអ្វីដែល បាត់បង់ នេះ ហើយត្រូវខំតស៊ូឡើងវិញ ។

ឯកឧត្តមបន្តថាថា “ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បាននិងកំពុងយកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់កាលៈទេសៈដែលជួប ការលំបាកដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ណានោះឡើយពោលប្រជាពលរដ្ឋដែលរស់ នៅលើទឹក ដីកម្ពុជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងធានាដោយច្បាប់ដូចៗគ្នា។

លោកស្រី មីន សាលីហាស់បានលើកថា “ក្នុងនាមលោកស្រីជាខ្មែរឥស្លាមដូចគ្នា លោកស្រីពិជាមាន អារម្មណ៍ក្តុកក្តួលនឹងសោកស្តាយពេកក្រៃក្នុងនាមជាខ្មែរ ខ្មែរឥស្លាមដូចគ្នា ហើយក៏បានចូលរួមអំណោយ បន្តិចបន្តួចទុកប្រើប្រាស់និងសម្រាលទុក្ខលំបាកបានខ្លះ។

សម្ភារៈដែលបានចែកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូ  មីមួយកេស ត្រីខមួយយួរ ទឹកស៊ីអ៊ីវ មួយយួរ ទឹកត្រីមួយយួរ និងសម្ភារៈផ្ទះបាយមួយឈុតធំ និងថវិកា៤ម៉ឺនរៀលក្នុងមួយគ្រួសារ ៕