លោកជំទាវអនុប្រធានទី ២ នៃរដ្ឋសភារំលឹកថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺមានការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

កណ្តាល៖ លោកជំទាវ ឃួន សុដារីលោកជំទាវអនុប្រធានទី ២ នៃរដ្ឋសភាបានមានប្រសាសន៍ថា យុទ្ធសាស្ត្រ​​ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា​ភិបាលដឹក​នាំដោយសម្តេចតេជោ ហ៊ុន សែន គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ពិតជាមានសារៈ​សំខាន់ខ្លាំងណាស់ ដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។

ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់ឤចដល់ស្ត្រី និងក្មេងស្រីកម្ពុជា មានសារៈសំខាន់ប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ ដែលជាកិច្ចការឤទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកជំទាវអនុប្រធានទី ២ នៃរដ្ឋសភា បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងបងប្អូននារីក្នុងស្រុកលើកដែកប្រមាណជាង៣០០នាក់ ក្នុងពិធីអបអរសាទរខួបលើកទី ១០៨ ទិវាអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្រុកលើកដែក ខេត្តកណ្តាល។

សូមជម្រាបផងដែរថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។
ជាមួយការគំាទ្រដល់ប្រធានបទខាងលើ ថាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ឱ្យប្រកប ដោយគុណសម្បត្តិដ៏ថ្លៃថ្លា ជោគជ័យគ្រប់កិច្ច​ការក្នុងនាមជាពលរដ្ឋដ៏ល្អនោះ លោកជំទាវ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្ត្រីដែល​ជាកម្មការិនីមានផ្ទៃពោះ។

ជាពិសេសទៀតនោះគឺក្នុងពេលសម្រាលកូនសាមីខ្លួនបានឈប់សម្រាក រយៈពេល ៣ខែ និងទទួលបានប្រាក់ខែ១២០% បូកជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន ៤០ ម៉ឺនរៀល សម្រាប់កូនម្នាក់ និងការកើតកូនភ្លោះបាន ២ នាក់ ចំនួន ៨០ ម៉ឺនរៀលនិង ៣ នាក់ចំនួន ១ លាន ២០ ម៉ឺនរៀល បូកនឹងជំនួយឧបត្ថម្ភរបស់ខ្ញុំ ៥ លាន រៀលថែមទៀត។

លោកជំទាវ ក៏បានពាំនាំសេចក្តីនឹករលឹក និងប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើការអត្ថាធិប្បាយ​ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ដែលប្រព្រឹត្តទៅនៅនៅមជ្ឈមណ្ឌលកោះពេជ្យ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ ដែលបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ យើងត្រូវធ្វើពិធីនេះនៅមុនថ្ងៃ ៨ (មីនា) មកដល់ ដើម្បីទុកថ្ងៃទី ៨ មីនានោះ គឺទទួលបានការឈប់សម្រាក និងកម្សាន្ត ទៅតាមការចង់បានរបស់ស្ត្រីគ្រប់រូប។

បន្ទាប់មកទៀត ក្រុមហ៊ុនទាំងឡាយដែលមិនទាន់បានចុះបញ្ជី ត្រូវតែចុះបញ្ជី ដើម្បីធានាថាកម្មករ និយាយជារួមត្រូវបាន​ទទួលផលប្រយោជន៍ ពីគោលនយោបាយគាំពារសង្គម ដោយទទួលបាននូវការពិនិត្យព្យាបាល ដោយឥតគិតប្រាក់ ហើយពិសេសកម្មការិនី ដែលធ្វើការនៅកន្លែងនោះ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីគោលន​យោបាយគាំពារសង្គម​របស់រាជរដ្ឋាភិបាល សម្រាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេ។

លោកជំទាវ ឃួន សុដារី បានឧបត្ថម និងជូនអំណោយអនុស្សាវរីយ៍ ចំពោះអ្នកចូលរួមផងដែរ ដោយក្នុងនោះរួមមាន​​ឧបត្ថម្ភ​​ក្រុមការងារស្រ្តីក្នុង ៧ ឃុំ ដោយឃុំនីមួយៗទទួលបានថវិកា ១ លានរៀល ,អាវ ៥០ ក្នុង ១ ឃុំ សរុប ៦៥០ អាវ ,ឧបត្ថម្ភក្រុមការងារស្រុក ១ លានរៀល, ឧបត្ថម្ភស្រ្តីចូលរួម ក្នុងម្នាក់ទទួលបាន សារ៉ុង ១ អាវយឺត ១ រួមជាមួយថវិកា ៥ម៉ឺនរៀល៕