ក្រសួងទេសចរណ៍បង្ហាញថាស្រ្តីមានភាពឆ្លាតវៃនិងដើរតួនាទីសំខាន់រួមចំណែកលើកកម្ពស់វិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ចេម ហួត

ភ្នំពេញរដ្ឋមន្ត្រីក្រសួងទេសចរណ៍បង្ហាញថាស្រ្តីមានភាពឆ្លាសវៃនិងដើរតួនាទីសំខាន់រួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែមានភាពទាក់ទាញទាំងថ្នាក់ជាតិនិងនៅតាមតំបន់គោលដៅទេសចរណ៍ទូទាំងប្រទេស។

ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី៦ ខែមីនានេះ ឯកឧត្តមថោង ខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា មានស្រ្តីប្រមាណ ៦០ភាគរយ បានបំរើការងារ គ្រប់សេវាកម្មទេសចរណ៍ទាំងអស់ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង “ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ” ជាកត្តាជំរុញការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

ស្រ្តីមានភាព រុះរាយរាក់ទាក់ ប៉ិនប្រសប់ចេះមានគំនិតច្នៃប្រឌិតបង្កើតសេវាកម្មទេសចរណ៍ទាំងថ្នាក់ជាតិ និងតាមគោល​ដៅ​ទេសចរណ៍ និងផ្នែកឯកជនដែលធ្វើការងារពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍នេះ។

ឯកឧត្តមជំរុញឲ្យក្រសួងកិច្ច​ការនារី ក៏ដូចជាក្រុមនារីក្រសួងទេសចរណ៍បន្តជំរុញការអនុវត្តការលើកកម្ពស់​​សមភាពយេនឌ័រឱ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីឧត្តមប្រយោជន៍របស់ស្ត្រីនិងក្មេងស្រីក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។
លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិកា ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ស្រ្តីនៅកម្ពុជាត្រូវបាន​ទទួលតួនាទី​កាន់តែច្រើននៅក្នុងឋានៈជាអ្នកសម្រេចចិត្តនៅលើវិស័យសាធារណៈ និងនយោបាយ នៅក្នុងនោះចន្លោះពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើងពី៣៤ភាគរយ ទៅ៤១ភាគរយ។

លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៩នេះ បានជ្រើសរើសប្រធានបទសម្រាប់អបអរទិវាអន្តរជាតិនារី ៨មីនា ស្តីពីលើកកម្ពស់សមភាពយេនឌ័រ និងការគំាពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស»គឺដើម្បីឆ្លើយតប​ទៅនឹងការប្តេជ្ញាចិត្តលើការលើកកម្ពស់ស្ថានភាពស្រ្តីឲ្យទទួលបានសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានតែងតំាងស្រ្តីជាអភិបាល១រួប និងអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានីខេត្ត២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៨ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន៤រូប និងមន្រ្តីការទូតជាស្រ្តីដែលកំពុងប្រចំាការនៅបរទេសមានចំនួន៤៩រូប។ លោកជំទាវបញ្ជាក់ថា កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្សរ៍មុនឆ្នាំកំណត់លើសុខ​​ភាពមាតានិងទារក​ហើយអំពើហិង្សានិងការរំលោភនានាលើស្រ្តី ក៏បានថយចុះគួរឲ្យកត់សម្គាល់ផងដែរ៕