ការវាយប្រហារតាមអាកាសនៅក្នុងប្រទេសប៉ាគីស្ថាន មិនទាក់ទងនឹងការបោះឆ្នោតជាសកលរបស់ឥណ្ឌាទេ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី Nirmala Sitharaman បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងដោយប៉ាគីស្ថានថា រដ្ឋាភិបាលរបស់លោក Narendra Modi បានធ្វើការវាយប្រហារតាមអាកាសដើម្បីបង្កើនឱកាសរបស់ខ្លួនក្នុងការឈ្នះការបោះឆ្នោតជាសកលនាពេលខាងមុខ។ លោកស្រី Nirmala Sitharaman បានបញ្ជាក់ជាថ្មីម្តងទៀតថា វាគឺជាការបញ្ចូលព័ត៌មានស៊ើបអង្កេតដែលបានបង្ខំឱ្យរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅកោះបាឡាកត ( Balakot ) ដែលស្ថិតនៅខាងក្នុងប្រទេសប៉ាគីស្ថាន។

លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារថា «វាមិនមានទំនាក់ទំនងរវាងការវាយប្រហារតាមអាកាស និងការបោះឆ្នោតជាសកលរបស់ប្រទេសឥណ្ឌានោះទេ ។ វាផ្អែកទៅលើព័ត៌មានស៊ើបអង្កេតនៃសកម្មភាពក្រុមភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថាន ដែលត្រូវបានបើកចំហប្រឆាំងនឹងឥណ្ឌា»។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានចោទប្រកាន់ថា រដ្ឋាភិបាលឥណ្ឌាបានបន្តបង្កើនភាពតានតឹងនៅតាមព្រំដែន និងបង្កការរំជើបរំជួលសង្គ្រាម ដើម្បីឈ្នះការគាំទ្រជាសាធារណៈសម្រាប់ការបោះឆ្នោតជាសកលនាពេលខាងមុខនេះ។ គណបក្សរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan គឺគណបក្ស Tehreek-e-Insaf Pakistan (PTI) បានប្រើពាក្យសម្តីយ៉ាងខ្លាំងប្រឆាំងនឹងសមភាគីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយបានស្នើសុំឱ្យប្រជាជនឥណ្ឌាកុំឱ្យបុរសម្នាក់នេះប្រើប្រាស់ភាពតានតឹងតាមព្រំដែនសម្រាប់ការកែលំអរស្ថានភាពនយោបាយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)