បេសកជននុយក្លេអ៊ែរកំពូលកូរ៉េខាងត្បូងទៅកាន់ក្រុងវ៉ាស៊ីងតោន ធ្វើកិច្ចចរចាស្តីពីកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយពីថ្ងៃអង្គារថា បេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់ក្រុងវ៉ាស៊ីងតោន ដើម្បីប្រឹក្សាគ្នាជាមួយពួកមន្ត្រីអាម៉េរិក ស្តីពីកិច្ចការកូរ៉េខាង-ត្បូង ។

លោក Noh Kyu-duk  អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់សន្និសីទសារព័ត៌មានមួយថា  កូរ៉េ-ខាងត្បូង នឹងមានការបន្តឡើងវិញយ៉ាងលឿនការសន្ទនាគ្នាកូរ៉េខាងជើង  – ស.រ.អា ដោយនិយាយថា ទស្សនកិច្ចធ្វើឡើងដោយ លោក លី. ដូ .ហ៊ុន ( Lee Do Hoon  ) ចំណាងពិសេសសម្រាប់កិច្ចការសន្តិភាពនិង សន្តិសុខឧបទ្វីបកូរ៉េទៅកាន់ក្រុងវ៉ាស៊ីងតោន គឺជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ប្រទេសចំពោះរឿងនេះ  ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា លោក លី នឹងជួបជាមួយលោក ស្តេហ្វិន ប៊ីយ៉េកអ៊ុន ( Stephen Biegun ) តំណាងពិសេស ស.រ.អា សម្រាប់កូរ៉េខាងជើង ព្រមទាំងពួកមន្ត្រីអាម៉េរិក ដទៃទៀតក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ក្រុងវ៉ាស៊ីងតោន រហូតដល់ថ្ងៃព្រហស្បតិ៍ ។

អ្នកការទូតកូរ៉េខាងត្បូងនេះ គេរាយការណ៍ថា នឹងធ្វើការពិគ្រោះយោបល់គ្នាជាមួយសមភាគីអាម៉េរិក របស់លោក ស្តីពីវិធានការដើម្បីបន្តឡើងវិញកិច្ចចរចារវាងកូរ៉េខាងជើង   និង ស.រ.អា ។

កិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំកំពូលកូរ៉េខាងជើង   លោក គីម ជុងអ៊ុន ( Kim Jong Un ) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងនៅក្នុងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម កាលពីសប្តាហ៍កន្លងទៅ  ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា អ៊ីន ( Moon Jae in ) បាននិយាយថា ប្រទេសរបស់លោក នឹងស្វះស្វែងរកធ្វើការជួបឱ្យមានការបន្តឡើងវិញការសន្ទនាគ្នារវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោនដោយសង្ឃឹមថា កិច្ចចរចាកូរ៉េខាងជើង – ស.រ.អា នឹងបន្តឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )