ម៉ាឡេស៊ី និងព្រុយណេបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៥ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad និងស៊ុលតង់ Hassanal Bolkiah របស់ព្រុយណេបានរៀបចំកិច្ចប្រជុំទ្វេភាគីមួយនៅទីក្រុង Putrajaya មជ្ឈមណ្ឌលរដ្ឋបាលរបស់ ម៉ាឡេស៊ី។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីព្រឹត្តិការណ៍នេះ បានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ដឹកនាំប្រចាំឆ្នាំលើកទី ២២ រវាងម៉ាឡេស៊ី និងព្រុយណេ ដែលជាវេទិការកម្រិតខ្ពស់បំផុតសម្រាប់កិច្ចពិភាក្សារវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ប្រទេសទាំងពីរបានអះអាងជាថ្មីនូវទំនាក់ទំនងការពារគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ពួកគេក៏បានប្តេជ្ញាផងដែរថា នឹងរក្សាការផ្លាស់ប្តូរទស្សនកិច្ច កិច្ចប្រជុំការបណ្តុះបណ្តាល និងសមយុទ្ធយោធាឱ្យបានជាទៀងទាត់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)