បណ្តារដ្ឋមន្រ្តីអាស៊ានព្រមព្រៀងលើគោលការណ៍ ដោះស្រាយបញ្ហាកម្ទេចកម្ទីក្នុងសមុទ្រ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ — ប្រទេសថៃក្នុងនាមជាប្រធានអាស៊ានបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីកម្ទេចកម្ទីសំណល់ក្នុងសមុទ្រ។ បណ្តាប្រទេសជាសមាជិកទាំងអស់បានព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍ទីក្រុងបាងកក និងក្របខ័ណ្ឌសកម្មភាពស្តីពីការគ្រប់គ្រងកម្ទេចកម្ទីសំណល់ក្នុងសមុទ្រនៅក្នុងតំបន់អាស៊ាន។

លោក Surasak Karnjanarak រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសថៃ បាននិយាយថា កិច្ចប្រជុំនោះបានពិភាក្សាអំពីរបៀបដោះស្រាយបញ្ហាកម្ទេចកម្ទីសមុទ្រ។ បណ្តាប្រទេសជាសមាជិកអាស៊ានបានព្រមព្រៀងគ្នាធ្វើការងាររួមគ្នាដើម្បីកាត់បន្ថយប្រភពកាកសំណល់ទាំងនោះ។

លោកបាននិយាយបន្ថែមថា ប្រទេសថៃបានស្នើសុំការអនុវត្តដើម្បីកាត់បន្ថយប្លាស្ទិក រួមទាំងការហាមឃាត់ការនាំចូលសំណល់ប្លាស្ទិកក្នុងរយៈពេល ២ឆ្នាំ។ លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០៣០ នឹងមានការលើកកម្ពស់ការផលិត និងការប្រើប្រាស់នៅទូទាំងប្រទេសនូវការកែច្នៃសំណល់ទាំងអស់នោះ។ លោកបាននិយាយថា តំបន់អាស៊ាន គឺជាប្រភពដ៏ធំបំផុតមួយនៃកាកសំណល់ក្នុងសមុទ្រ ដូច្នេះអាស៊ានមានគម្រោងបង្កើតមជ្ឈមណ្ឌលចំណេះដឹងមហាសមុទ្រនៅក្នុងប្រទេសឥណ្ឌូណេស៊ី រួមជាមួយនឹងសាខានៅក្នុងបណ្តាប្រទេសនៅតំបន់អាងទន្លេមេគង្គ។

ទន្ទឹមនឹងនេះដែរ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់ប្រទេសថៃលោក Wicharn Simachaya បានបង្ហាញថា កិច្ចប្រជុំនោះបានឯកភាពលើសេចក្តីថ្លែងការណ៍ទីក្រុងបាងកក និងក្របខ័ណ្ឌសកម្មភាពស្តីពីការគ្រប់គ្រងកម្ទេចកម្ទីសំណល់ក្នុងសមុទ្រនៅក្នុងតំបន់អាស៊ាន។

លោកបាននិយាយថា ក្របខ័ណ្ឌសកម្មភាពនោះ រួមមានទាំងកិច្ចអភិវឌ្ឍន៍គោលនយោបាយនៅក្នុងតំបន់ផងដែរ។ លើសពីនេះទៅទៀត អាស៊ានត្រូវការការស្រាវជ្រាវ និងការអភិវឌ្ឍន៍បន្ថែមទៀត ជាពិសេសការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដែលអាចជំនួសឱ្យការប្រើប្រាស់ប្លាស្ទិច និងដើម្បីកាត់បន្ថយកាកសំណល់    ប្លាស្ទិកនៅក្នុងមហាសមុទ្រ។ លោកបាននិយាយបន្ថែមថា ការចូលរួមជាសាធារណៈ និងភាពជាដៃគូឯកជនក៏មានសារៈសំខាន់ផងដែរនៅក្នុងកិច្ចការនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)