សហរដ្ឋអាមេរិក​ ផ្តល់ជំនួយ២លានដុល្លារ ដល់ CMAC ដើម្បីធ្វើការ បោសសម្អាតគ្រាប់មីននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ -សហរដ្ឋអាមេរិកបានផ្តល់ជំនួយ២លានដុល្លារ ដល់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា(CMAC) សម្រាប់ធ្វើការបោសសម្អាតគ្រាប់មីននៅក្នុងប្រទេសកម្ពុជា។ នេះបើយោង តាមការផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី០៥ ខែមីនា​ ឆ្នាំ​២០១៩នេះ​។

ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា មន្ត្រីគ្រប់គ្រងគម្រោងកម្មវិធីជំនួយដោះមីន មកពី​ក្រសួងការបរទេសអាម៉េរិកបានចុះទៅពិនិត្យសកម្មភាពប្រតិបត្តិការរបស់អង្គភាព ស៊ីម៉ាក់ នៅទិសខេត្តត្បូងឃ្មុំ។ ទន្ទឹមនេះដែរ​ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចផ្តល់ ជំនួយមកអង្គភាពស៊ីម៉ាក់ចំនួន២លានដុលា្លរ​សម្រាប់រយៈពេល១២ខែ​ ចាប់ពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨​ ខែកុម្ភ:​ ឆ្នាំ២០២០​ ហើយគម្រោងនេះជាឆ្នាំទី២ នៃការដេញថ្លៃក្នុង ឆ្នាំ២០១៨កន្លងទៅ។ ឯកឧត្តមបានបន្ដថា គម្រោងនេះ ជាកិច្ចសហការវាងអង្គភាពស៊ីម៉ាក់ និងអង្គការNPA​ ដែលត្រូវចុះហត្ថលេខាអនុវត្តន៍គម្រោងរវាងCMAC និងNPA នាពេលដ៏ខ្លីខាងមុខនេះ។

សូមរម្លឹកថា កាលពីឆ្នាំ២០១៨ អង្គភាពស៊ីម៉ាក់ បានទទួលជំនួយថវិកាចំនួន១.៦លាន ដុល្លារពីអាម៉េរិក ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃ ទី០១ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលនេះ ជាឆ្នាំទី១ នៃរយៈពេល ២ឆ្នាំ លើផ្ទៃដី២.២០០ហិកតា នៅខេត្តភាគខាងកើតកម្ពុជា៕

ដោយ ប៊ុនរិទ្ធ