កូរ៉េខាងជើងជួសជុលទីតាំងបាញ់មីស៊ីលរបស់ខ្លួនឡើងវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០៣.១៩)

កូរ៉េខាងជើង៖ តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃអង្គារនេះថាកូរ៉េខាងជើងបានស្តារផ្នែកមួយចំនួននៃទីតាំងបាញ់មីស៊ីលរបស់ខ្លួនដែលពីមុនបានរុះរើបន្ទាប់ពីសន្យាថានឹងធ្វើដូច្នេះនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីឆ្នាំមុន ។

ព័ត៌មាននេះបានលេចឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ២ ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររវាងលោកត្រាំនិងលោកគីមជុងអ៊ុនមិនចុះសំរុងគ្នាដោយភាគីអាមេរិកចង់ឲ្យប្រទេសកូរ៉េខាងជើងបង្ហាញឆន្ទៈ​ក្នុងការកម្រិតទំហំកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងភាគីកូរ៉េខាងជើងទាមទារដល់សហរដ្ឋអាមេរិកឲ្យបន្ធូរបន្ថយទណ្ឌកម្ម​​​​ ។

លោកត្រាំបានប្រាប់សន្និសិទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលលើកដំបូងដែលមិនធ្លាប់មានជាមួយលោកគីមកាលពីថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០១៨នៅក្នុងប្រទេសសឹង្ហបូរីថាមេដឹកនាំកូរ៉េខាងជើងបានសន្យានឹងបំផ្លាញទីតាំងសាកល្បងមីស៊ីលដ៏សំខាន់នាពេលឆាប់ៗខាងមុខ​ ។