មន្ត្រីជំរឿន ក្នុងខេត្តកំពង់ចាម ចុះសម្ភាសនៅផ្ទះ ឯកឧត្តម គួចចំរើន

វិទ្យុជាតិកម្ពុជា៖​ ដោយ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៩ មន្ត្រីជំរឿន ក្នុងខេត្តកំពង់ចាម និងក្រុមការងារ បានចុះសម្ភាសនៅផ្ទះ ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩។


សូមជម្រាបថា ជំរឿនទូទៅប្រជាជននៅទូទាំងប្រទេស ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ នេះជាការធ្វើជំរឿនលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើរៀងរាល់ ១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រ ជាក់លាក់ សម្រាប់ប្រើប្រាស់ រៀបចំតាក់តែងគោលនយោបាយ ឱ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា ២០១៦-២០៣០ ដោយមិនទុកឱ្យនរណាម្នាក់ឯកោឡើយ។


ដើម្បីឱ្យការធ្វើជំរឿន ទទួលបានលទ្ធផលប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕