ក្រសួងសុខាភិបាលព្រមានពីស្ថានភាពជំងឺគ្រុនឈាមដែលអាចផ្ទុះឡើងខ្លាំងនៅឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖


ក្រសួងសុខាភិបាលព្រមានពីស្ថានភាពជំងឺគ្រុនឈាមដែលអាចផ្ទុះឡើងខ្លាំងនៅឆ្នាំ២០១៩ ដោយទាមទារអោយប្រជាពលរដ្ឋបង្កើនវិធានការការពារទប់ស្កាត់ពីការឆ្លងជំងឺគ្រុនឈាមដោយសារមូសខ្លាញីខាំ។
ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណៈជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យបានដឹងថា ករណីគ្រុនឈាមនៅទូទាំងប្រទេសក្នុងដើមឆ្នាំ ២០១៩នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ច្រើនជាងឆ្នាំ២០១៨កន្លងទៅ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបង្ហាញថាតាមការវិភាគអេពីដេមីសាស្ត្រនិងការប៉ាន់ប្រមើលលើស្ថានភាពជំងឺគ្រុនឈាម របស់អង្គការសុខភាពពិភពលោកបង្ហាញថា ជំងឺគ្រុនឈាមប្រហែលជាអាចនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០១៩នេះ ដែលតម្រូវឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មភាពក្នុងការអនុវត្តន៍វិធានការទប់ស្កាត់ ដើម្បីជៀសផុតពីភាពមានការផ្ទុះឡើងនូវជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺគ្រុនឈាមជាជម្ងឺអាចកើតឡើងលើមនុស្សគ្រប់វ័យដែលបង្កឡើងដោយមូសខ្លាញីខាំបឺតឈាម អ្នកដែលមានវីរុសគ្រុនឈាម ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ជំងឺគ្រុនឈាមមានរោគសញ្ញាដូចតទៅ៖ ២ទៅ៣ថ្ងៃក្រោយពីមូសខ្លាញីខាំអ្នកជំងឺមានសភាពក្តៅខ្លួនពី៣៩ទៅ៤០អង្សាសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម។
យោងតាមការស្រាវជ្រាវបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្តនៃក្រសួងសុខាភិបាលរួមសហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្តបានបញ្ជាក់ឲ្យឃើញថា មូសខ្លាចូលចិត្តពងនិងបង្កបង្កើតកូនចៅ ក្នុងសំបកកង់ឡាន និងសំបកកង់ម៉ូតូចាស់ៗចំនួន១១ដងច្រើនជាងវត្ថុដក់ទឹកឬដាក់ទឹកផ្សេងៗ ដែលទាមទារអោយប្រជាពលរដ្ឋសំអាតកន្លែងដក់ទឹកក្បែរផ្ទះអោយបានជាប់ជាប្រចាំ។