ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ បានជួយរក្សាកំណើនសេដ្ឋកិច្ចកម្ពុជា៧ភាគរយជារៀងរាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ សុភា វិសិទ្ធិពង្ស ៖

រដ្ឋមន្រ្តីក្រសួងដែនដីបានអះអាងថា ស្ថានភាពការអភិវឌ្ឍវិស័យអចលទ្រព្យ និងសំណង់ បានក្លាយជាសសរស្តម្ភស្នូលដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងដោះស្រាយ ឱកាសការងារជូនប្រជាពលរដ្ឋបានកាន់តែច្រើន។


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា វិស័យសំណង់និងអចលនទ្រព្យបានជួយរក្សាកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ជាង ៧ភាគរយជារៀងរាល់ឆ្នាំ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការអភិវឌ្ឍនគរូបនីយកម្ម និងអចលទ្រព្យនៅកម្ពុជា កំពុងមានកំណើនក្នុងសន្ទុះដ៏លឿន តាមរយៈ វិនិយោគជាច្រើន មានជាអាទិ៍ ការអភិវឌ្ឍ សំណង់ លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់សេវាកម្ម សំណង់ឧស្សាហកម្ម សំណង់ ហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថាន សេដ្ឋកិច្ច សង្គម ។ ពិសេសការអភិវឌ្ឍលំនៅឋានដែលមានតម្លៃសមរម្យ។
ឯកឧកត្តមបានបញ្ជាក់ថា ការអភិវឌ្ឍទំាងនេះ គឺជាការបាញ់ឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ក្លាយជា ប្រទេសមានចំណូលខ្ពស់ ។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដីបានបង្ហាញថា ទុនវិនិយោគវិស័យសំណង់និងអចលនទ្រព្យក្នុងរយៈពេល១០ឆ្នាំពី២០១០ ដល់ ២០១៩ មានប្រមាណ ៤៣៨៩៦ លានដុល្លារសហរដ្ឋអាមេរិក ខណៈនៅខែមករា ឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៨២៩ លានដុល្លា គឺកើនឡើង ១៧៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨ ៕