សិស្សានុសិស្សនៅតំបន់ជន​បទដាច់ស្រយាល​នៃខេត្តសៀមរាប ​ទទួលបាន​អគារសិក្សា១ខ្នង​ពី​អង្គការមិត្តកម្ពុជាដើម្បីជួយដល់កុមារនៅមូលដ្ឋាន

AKP សៀមរាប ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ដើម្បី​ចូល​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុងការ​លើក​កម្ពស់វិស័យ​អប់រំ ជា​ពិសេសការ​បង្កើត​សាលារៀន​ឱ្យ​នៅ​កៀក​លំនៅ​ឋានប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង​ទី​ប្រ​ជុំ​ជន​ និង​នៅ​តំបន់​ដាច់​ស្រ​យាល​ផង​នោះ​ ឡាយអិនឃ្លិបកូរ៉េ បាន​ជួយ​សាងសង់​អគារសិក្សា១ខ្នង និង​បន្ទប់ទឹក​ចំនួន៦បន្ទប់​ជូន​ដល់​សាលាបឋម​សិក្សា​ចុង​ស្ពាន ស្ថិតនៅ​ភូមិ​ចុង​ស្ពាន ឃុំ​ខ្វាវ ស្រុក​ជី​ក្រែង​ ខេត្ត​សៀមរាប​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប​។

លោក លុន លីម នាយក​សាលា​បឋ​មសិក្សា​ចុង​ស្ពាន​បាន​ថ្លែងនៅក្នុងពិធីសម្ពោធ អគារសិក្សានៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះថា កន្លងមក​នេះ​សាលាបឋមសិក្សានៅ​តំបន់​ដាច់ស្រយាល​មួយនេះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ទាំង​អគារសម្រាប់​សិស្សរៀន​ និង​រចនា​សម្ព័ន្ធ​ផ្សេងៗដោយ​មាន​តែសាលាឈើតូចៗចំនួនពីរខ្នងប៉ុណ្ណោះសម្រាប់ឱ្យសិស្សរៀន។

ប៉ុន្តែឥឡូវនេះ​អង្គ​ការ ​ឡាយអិនឃ្លិប តាម​រយៈ​អាជ្ញាធរ​ខេត្ត​សៀមរាប​ បាន​មក​ជួយសាងសង់​អគារ​សិក្សា១ខ្នង​មាន​២បន្ទប់ និង​បន្ទប់ទឹកចំនួន៦បន្ទប់ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ហើយ​កត្តាទាំង​នេះ​បាន​បង្កភាពងាយ​ស្រួលដល់កុមារតូចៗនៅ​តំបន់​នេះ​បាន​ចូលរៀនគ្រប់ៗគ្នា។

លោកបានស្នើអាជ្ញាធរ​ និង​អង្គការ​នានាជួយសាងសង់អគារសិក្សាបន្តែមទៀត ព្រោះ​ចំនួនសិស្សចេះ​តែកើន​ឡើង​ ជាពិសេសសុំ​ជួយសាងសង់​អគារសម្រាប់​គ្រូស្នាក់នៅ ព្រោះ​គ្រូដែល​មក​បង្រៀន​នៅសាលារៀន​តំបន់ដាច់ស្រយាលមួយនេះ​សុទ្ធតែជាគ្រូកិច្ចសន្យាមកពី​ឆ្ងាយ​ៗ គ្មាន​កន្លែង​ស្នាក់នៅ។

លោក លោក ខ្វាង ចុងហ៊ុន (Hwang Jong Heon)ប្រធាន​ឡាយ​អិនឃ្លិប បាន​ថ្លែង​ថា ដើម្បី​ចូល​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុងការ​លើក​កម្ពស់វិស័យ​អប់រំ ឡាយ​អិនឃ្លិប និងបន្តជួយដល់​សាលារៀនមួយនេះជាបន្តបន្ទាប់ទៀត​ ក្នុង​គោល​ដៅចង់​ឱ្យ​កុមារ​តូចៗតំបន់​នេះ​មានឱកាសបាន​ចូលរៀន​សូត្រដូច​កុមារនៅ​ទីប្រជុំជន​ដែរ។

លោក ពិន ប្រាកដ អភិបាល​រង​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍ថា វិស័យអប់រំមាន​តួនាទីយ៉ាង​សំខាន់ ក្នុងការបណ្តុះបណ្តាល​ធនធាន​មនុស្ស សម្រាប់ធ្វើការ​អភិវឌ្ឍប្រទេស ជាតិ។ ​ដើម្បី​ឱ្យកុមារ​បាន​ទទួល​បាន​ការ​បណ្តុះ​បណ្តាលគ្រប់ៗគ្នា រាជរដ្ឋាភិបាល​បាន​ខិតខំធ្វើការសាងសង់អគារបង្កើតឱ្យមាន​សាលារៀននៅគ្រប់មូលដ្ឋាន​ ដើម្បីបង្កភាពងាយ ស្រួលដល់កុមារតូចៗក្នុង​ការ​ធ្វើ​ដំណើរទៅរៀនសូត្រ។ ជាក់ស្តែងនៅ​ថ្ងៃនេះឡាយអិនឃ្លិប តាមរយៈអាជ្ញាធរខេត្តសៀមរាប គឺបាន​ជួយសាងសង់អគារសិក្សា និងបន្ទប់ទឹកជូនដល់ សាលាបឋមសិក្សាចុងស្ពាន ដែលសមិទ្ធផលទាំងនេះ កាន់តែបានបង្កភាពងាយ ស្រួលដល់កុមារតូចៗនៅតំបន់នេះបន្ថែមទៀត៕

ដោយ  ឃុត សៅ