ក្រុម Khmer United B និងA ប្រជែងបាន៣ពិន្ទុដូចគ្នា នាសប្តាហ៍ទី១ ពានរង្វាន់ Keller Williams Cambodia League ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ Khmer United B និងក្រុម Khmer United A សុទ្ធតែប្រជែងបាន៣ពិន្ទុដូចៗគ្នា នៅក្នុងការប្រកួតបើកឆាកនាសប្តាហ៍ទី១ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ Keller Williams Cambodia League រដូវកាល ២០១៩ បន្ទាប់ពីបានយកឈ្នះលើគូប្រកួត រៀងៗខ្លួននៅកីឡដ្ឋាន AIA (អតីតកីឡដ្ឋានវេស្ទើន) រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍​នេះ។ ក្រុម Khmer United B ដែលរកបាន៣ពិន្ទុនៅប្រកួតដំបូងរបស់ខ្លួននេះ គឺបានយក ឈ្នះក្រុមយុវជនតាំងគោក ដោយលទ្ធផល ២-០ ខណៈក្រុម Khmer United A បានវាយបក ឈ្នះក្រុម Mambo Phnom Penh ដោយ លទ្ធផល ៤ទល់២ បន្ទាប់ពីបញ្ចប់នៅវគ្គទី១ ក្រុម Mambo Phnom Penh បាននាំមុខ Khmer United A ២ទល់១ ដោយ៣គ្រាប់របស់ Khmer United A ធ្វើសម្រេចផ្ទួនៗគ្នា នៅចុងម៉ោងនៃវគ្គទី២។

ចំពោះក្រុមការពារម្ចាស់ដំណែងជើង ឯករដូវកាលមុន ក្រុម Avatar បានយកឈ្នះក្រុម Sen Sok Empire ដោយលទ្ធផល ១០ទល់០ នៅទីលាន KMH Park ស្របពេលដែល៦ប្រកួតទៀត រួមមាន៖ក្រុម Riel PP យក ឈ្នះក្រុម Home Sport ៧-០, ក្រុម Bayon Wonderers ឈ្នះ ANK ៨-០, ក្រុម Khmer United U22 ចាញ់ ក្រុម ISI STEEL ២ទល់៣, ក្រុមបាសាក់ ឈ្នះក្រុម Anvaya ៣-១ រីឯក្រុមទន្សោង និងក្រុម Sniper ចែកគ្នា ម្នាក់១ពិន្ទុ ក្រោយពីរក្សាលទ្ធផលស្មើគ្នា ១ទល់១។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ KW Cambodia League ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយស្ថាបនិក លោកបណ្ឌិត គីម ហ៊ាង នាយកក្រុមហ៊ុន Keller Williams Cambodia ទាក់ ទាញបានក្រុមចូលរួមចំនួន១៦ ដោយប្រកួតសន្សំពិន្ទុសុទ្ធ១ជុំ ចំនួន១ជើង ហើយក្រុមដែលមានពិន្ទុខ្ពស់ជាង គេជា អ្នកឈ្នះពានរង្វាន់ KW Cambodia League តែម្តង។ ចំណែកក្រុមឈរលេខ២ ដល់លេខ៥ នឹងត្រូវប្រកួតខ្វែងគ្នាដណ្តើមពាន​រង្វាន់ KW Cambodia Cup។ ចំពោះប្រាក់រង្វាន់ក្រុមជើងឯកលីគនឹងទទួលបាន ៦.០០០ដុល្លារ ស្របពេលដែលក្រុមជើងឯក Cup ទទួលបាន ៣.០០០ដុល្លារ៕

ដោយ ហេង ណាលីន