អភិបាលខេត្តកំពង់ចាម ប្រកាសចូលកាន់មុខតំណែង អភិបាលរង ស្រុកជើងព្រៃ

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម ៖


ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃបានរៀបចំឡើងនៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៩ នៅបរិវេណសាលាស្រុកជើងព្រៃ ស្ថិតក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួម ពីបណ្ដាមន្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំស្រុក អាជីវករ ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ផងដែរ ។


លោក ជិន ហ៊ុ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃជំនួសលោក កិម នឿន ដែលត្រូវចូលនិវត្តន៍ ។


ឯកឧត្តម គួច ចំរើន អភិបាលមានប្រសាសន៍ថា លោក កិម នឿន ដែលត្រូវចូលនិវត្តន៍នេះកន្លង មកបានចូលរួមសកម្មភាពការងារដឹកនាំ និងការអភិវឌ្ឍស្រុកលើគ្រប់វិស័យ ក្នុងការដោះស្រាយការងារនៅអង្គភាព ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទទួលបាន លទ្ធផលល្អប្រសើរ ។
ឯកឧត្តម បាន ផ្តាំផ្ញើដល់ អភិបាលរង ស្រុកជើងព្រៃ ដែលទើបបានប្រកាសតែងតាំងថ្មីនេះត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងត្រូវមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ពិសេស ត្រូវយកចិត្តទុកដាក់លើការសម្របសម្រួលដោះស្រាយបញ្ហការងារប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ច្បាស់លាស់ ព្រមទាំងត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព លទ្ធភាពទេពកោសល្យ លើកគុណភាពការងារ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារដែលខ្លួនបំពេញតួនាទី៕