សមាជិករដ្ឋសភាពន្យល់ថាមានតែសម្តេចនាយករដ្ឋមន្ត្រីម្នាក់ទេទើបអាចលើកលែងទោសអោយថ្នាក់ដឹកនាំអតីតបក្សប្រឆាំងបាន

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត
ភ្នំពេញ៖ សមាជិករដ្ឋសភាពន្យល់ថា មានតែសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជាម្នាក់ទេ ដែលមានសិទ្ធិស្នើទៅព្រះមហាក្សត្រឲ្យអ្នក អតីតបក្សប្រឆាំងអាចធ្វើនយោបាយឡើងវិញបានបន្ទាប់ពី​ច្បាប់បានហាម​ឃាត់មិន​អោយធ្វើសកម្មភាពនយោបាយ៥ឆ្នាំ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដែលដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា ឯកឧត្តម ឈាង វុន ជាមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រាប់អ្នកសាព័ត៌មានថា ការប្រកាសបើកផ្លូវ ឬបិទផ្លូវឲ្យអ្នកនយោបាយជាបំរាមធ្វើនយោបាយរបស់សម្តេចតេជោ ហ៊ុនសែន គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់ហើយជា ឆន្ទានុសិទ្ធិ ក្នុងការដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីលើកលែងទោស និងបើកផ្លូវឲ្យអ្នកនយោបាយអតីត​បក្សប្រឆាំងអាចធ្វើសកម្មភាពនយោបាយបានឡើងវិញ អ្នកផ្សេងគ្មានសិទ្ធិនោះទេ ។

ការពន្យាល់បែបនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៤ខែមីនា​បានផ្ញើ​រសារនយោបាយ​ទៅក្រុមអ្នកនយោបាយនៅក្រៅច្បាប់ដែលកំពុងនិរទេសខ្លួននោះថា ទ្វារបានបើកហើយ អ្នកចូល ឬមិនចូលគឺស៊ីសង​លើអ្នកតែប៉ុណ្ណោះ។ សម្តេចបន្តថា ទ្វារដែលបានបើកហើយ ក៏អាចបិទទៅវិញបានដែរ បើអ្នកនៅតែព្រងើយកន្តើយ ហើយចង់ទាមទារនេះ ចង់ទាមទារនោះ លក្ខខណ្ឌនេះលក្ខខណ្ឌនោះ អ្នកត្រូវ រង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទើប​ទទួលបានការនិយាយគ្នាសារជាថ្មី។ បើសិនធ្វើសកម្មភាពនយោបាយដោយបំពានបំរាមនេះ នឹងប្រឈម​​មុខចំពោះ​ការចាប់​ខ្លួន។

សូមបញ្ជាក់ថា តុលាកាកំពូលកាលពីពេលកន្លងមកបានចេញសាលដីហាមមិនឲ្យថ្នាក់​ដឹកនាំអតីគណបក្សសង្គោះ​ជាតិចំនួន១១៨រូបមិនអោយ​ធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។ ប៉ុន្តែដោយចង់អោយមានផ្សះផ្សាយនយោបាយ​រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញដោយបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាមទាំងអស់នោះអាចមានសិទ្ធិស្នើសុំជាផ្លូវការទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទៅសម្តេចនាយករដ្ឋមន្ត្រីដើម្បីថ្វាយទៅ​​ព្រះមហាក្ស​ត្រផ្តល់​សិទ្ធិ អោយធ្វើនយោបាយ​បានឡើងវិញ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានអតីតមន្ត្រីជាន់ខ្ពស់ នៃគណបក្ស​សង្គ្រោះ​​ជាតិប្រមាណ៣នាក់ប៉ុណ្ណោះ​ដែល​បានស្នើរសុំលើក​​លែងទោសដើម្បីអាច​​ធ្វើសកម្មភាពន​យោបាយឡើងវិញ៕