កម្ពុជា-ឡាវប្តេជ្ញាពង្រឹងសន្តិសុខនៅតាមព្រំដែន ខណៈគ្រោងបើកច្រកទ្វារអន្តរជាតិទ្វេភាគីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

កម្ពុជា-ឡាវប្តេជ្ញាពង្រឹងសន្តិសុខនៅតាមព្រំដែន ខណៈគ្រោងបើកច្រកទ្វារអន្តរជាតិទ្វេភាគីបន្ថែមទៀត ដើម្បីនាំមកនូវសន្តិសុខ សុវត្ថិភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រជាជនប្រទេសទាំងពីរ។

  ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបញ្ជាក់ជំហរដោយបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានឲ្យគ្នាទៅវិញទៅមក លើផ្នែកកិច្ចសហប្រតិបត្តិការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។

ការបង្ហាញជំហរនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម វិល័យ ឡាខាំហ្វង រដ្ឋមន្រ្តី ក្រសួងសន្តិសុខសាធារណៈឡាវ នាទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី៥ ខែមីនានេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនេះ ឯកឧត្តម ផាត សុផានិត បានឲ្យដឹងទៀតថា ភាគីទាំងពីរបានបង្ហាញជំហរដាច់ខាតក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀននៅតាមច្រកព្រំដែន ខណៈកំពុងពិនិត្យលើលទ្ធភាពបើកច្រកទ្វារព្រំដែនបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនងទំនាក់រវាងប្រជាជនប្រទេសទាំងពីរ ក៏ដូចជាជំរុញនូវកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរពីគ្នាទៅវិញទៅមក។

ឯកឧត្តម បានបន្តថា ច្រកទ្វារព្រំដែនដែលភាគីប្រទេសទាំងពីរ កំពុងសិក្សាបើកបន្ថែមនេះ គឺមានច្រកទ្វារព្រំដែនខេត្តរតនគិរី នៃប្រទេសកម្ពុជា និងខេត្តអាតាពើ នៃប្រទេសឡាវ និងច្រកទ្វាររវាងខេត្តស្ទឹងត្រែង និងខេត្តមួយទៀតរបស់ប្រទេសឡាវ ខណៈបច្ចុប្បន្ន ប្រទេសទាំងពីរបានដំណើរការច្រកទ្វារព្រំដែន អន្តរជាតិមួយទៅហើយ គឺច្រកត្រពាំងគ្រៀល ដែលជាប់ព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តណងណុកគៀន ប្រទេសឡាវ។

         បច្ចុប្បន្ន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំពុងបន្តស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនដែលនៅសេសសល់ប្រមាណ១៤ភាគរយទៀតក្នុងគោលបំណងប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ សម្រាប់មនុស្សគ្រប់ជំនាន់៕