រដ្ឋសភា សម្រេច​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ១​រូប ជំនួស​សមាជិកម្នាក់ដែលត្រូវចប់អណត្តិ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត

ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច ហេង សំរិនប្រធានរដ្ឋសភាកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​ការស្នើសុំ​ផ្លាស់ប្តូរ​សមាសភាព​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ​ថ្មី​។

ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបានប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនោះថា ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ អង្គប្រជុំ បានធ្វើការ​ពិភាក្សា និង​អនុម័ត​តាមរបៀប​វារៈ ដោយបាន​អនុម័ត​លើ​សំណើសុំ​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី ១​រូប សម្រាប់​ជំនួស​ឯកឧត្តម មឹន ស៊ាន សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​។

ឯកឧត្តមបន្តថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ធ្វើ​សេចក្តីជូនដំណឹង​ផ្សព្វផ្សាយ​ជ្រើសរើស​ឥស្សរជន មាន​លក្ខណៈសម្បត្តិ​សមស្រប ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។

ក្រុមប្រឹក្សាធម្មនុញគឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង ច្បាប់​ ដែល​រដ្ឋសភា​បានអនុម័ត និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​តំណាងរាស្ដ្រ និង​ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ១៩៩៨។

 

សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១ រូប និង​សមាជិក​ចំនួន ៨រូប ។ ប្រធាន​ត្រូវបានជ្រើសតាំងតាមការ បោះឆ្នោត​ ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាត​ រៀងរាល់បីឆ្នាំម្តង ក្រោយ​ពីសមាជិកថ្មី ៣រូបចូលកាន់តំណែង។ ប្រធាន​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើ នឹង​ប្រធានរដ្ឋសភា។ សមាជិក​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធានរដ្ឋសភា។ ជាធម្មតា​អាណ​ត្ដិ​របស់​សមាជិក​គឺ ៩ ឆ្នាំ ប៉ុន្ដែ​សមាជិក​ចំនួន ៣រូប ត្រូវបាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្ដង។ ក្នុង​អាណ​ត្ដិ​ទី១ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​សមាជិក​ ៣រូបសម្រាប់បីឆ្នាំ ៣រូប សម្រាប់ប្រាំមួយឆ្នាំ និង ៣រូប សម្រាប់ប្រាំបួនឆ្នាំ។ សមាជិក ៣រូប​តែងតាំង​ដោយព្រះមហាក្សត្រ​ផ្ទាល់ ៣រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង ៣រូប​ទៀត ជ្រើសតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។ សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង ឬ ជ្រើស​តាំងពី​ចំណោមឥស្សរជន ដែលមាន​ស​ញ្ជា​តិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ៤៥ឆ្នាំ មានបទពិសោធន៍​ការងារ ​យ៉ាងតិច ១៥ឆ្នាំ និង មាន​សញ្ញាបត្រឧត្ដមសិក្សា​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច ៕