ប្រធានគណៈកម្ម ការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវ នកម្ម នៃរដ្ឋសភា ស្វែងយល់កាវិនិយោគ និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖

ឯកឧត្តម ជាម យៀប ប្រធានគណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ បាន ដឹកនាំគណ ប្រតិភូចូលជួបពិភាក្សាការងារ ដើម្បីឈ្វេង យល់ពីសក្តានុពលសេដ្ឋកិច្ច ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ។
លោកស្រី ហៀក ហ៊ីមិល្លី អភិបាលស្តីទីខេត្តព្រះសីហនុ បានបង្ហាញ ពីសក្តានុពលអភិវឌ្ឍវិស័យសេដ្ឋកិច្ច រួម មាន វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាវិស័យអាទិភាព ធ្វើការអភិវឌ្ឍខឿនសេដ្ឋ កិច្ចខេត្តព្រះសីហនុ ។លោកស្រីបន្តថា ខេត្តព្រះសីហនុ មានសក្តានុពលដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៍ស្រស់ស្អាត ជីវ:ចម្រុះបាតសមុទ្រ និងធនធានធម្មជាតិទាំងអស់នេះ បាននឹងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមាន ការរីកចម្រើនជាលំដាប់ ។ ខេត្តព្រះ សីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រែក្លាយទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ធំជាងគេតែមួយ គត់ក្នុងប្រទេសកម្ពុជា ស្របតាមគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ – ២០២៥ ។
ឯកឧត្តម ជាម យៀបបានអបអរសាទរដល់ រដ្ឋ បាលខេត្តព្រះសីហនុ ដែលបានបំពេញតួនាទីការងារបានល្អប្រសើរ ដោយសារតែខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយក្នុង ចំណោមប៉ូលសេដ្ឋកិច្ចទាំង៤ មានរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឥសាន្ត (រតនគិរី) ធ្វើឱ្យខេត្តព្រះ សីហនុ មានសក្តានុពលក្នុងការប្រមូលប្រភពចំណូល ចំណាយបានយ៉ាងច្រើន ម្យ៉ាងទៀតរដ្ឋបាលខេត្ត បានសហការជាមួយសាខាគយ និងរដ្ឋាករ និងសាខាពន្ធដារខេត្ត ជំរុញការបង្កើនរកប្រភពចំណូលថវិកាជាតិមានការកើនឡើង ក្នុងការកៀរគប្រភពចំណូលថវិកា ដើម្បីយកមកជួយផ្គត់ផ្គង់ដល់បណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលខេត្តខ្លះរកប្រភពចំណូលថវិកាមិនគ្រប់ ។ ម្យ៉ាង ទៀតវិស័យទេសចរណ៍គ្មានផ្សែង នាំមកនូវប្រភពចំណូលមួយយ៉ាងសំខាន់ និងជួយរកការងារជូន ប្រជាពលរដ្ឋបានយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ជាម យៀប បានថ្លែងអំណគុណរដ្ឋបាលខេត្ត ដែលបានខិតខំជំរុញសក្តានុពលប្រភពចំណូលជួយដល់បណ្តាខេត្តដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលជាបញ្ហាប្រឈម យើងត្រូវធ្វើការដោះស្រាយ ជម្រះការប្រ ឈមលើគ្រប់វិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ និងការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ស្រប តាមគោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕