កូរ៉េខាងត្បូងនឹងព្យាយាមធ្វើឱ្យមានកិច្ចចរចាថ្មីរវាងទីក្រុងព្យុងយ៉ាង និងសហរដ្ឋអាមេរិក បន្ទាប់ពីលោក ត្រាំ បានដើរចេញ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha បាននិយាយថា កូរ៉េខាងត្បូងនឹងជំរុញឱ្យមានការចរចាត្រីភាគីជាមួយកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលជាមធ្យោបាយមួយនៃការបន្តកិច្ចចរចាការលុបបំបាត់នុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅក្នុងទីក្រុងហាណូយ។

លោក Kang បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Yonhab ថា «យើងនឹងស្វែងរកវិធីផ្សេងៗដើម្បីបង្កើតកន្លែងសម្រាប់ការបន្តកិច្ចចរចាររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក»។ លោកបាននិយាយបន្ថែមថា វិធីទាំងនេះនឹងរួមបញ្ចូលនូវកិច្ចសន្ទនា ១,៥ ដោយមានការចូលរួមពីមន្រ្តី និងអ្នកជំនាញមកពីប្រទេសកូរ៉េទាំងពីរ និងសហរដ្ឋអាមេរិក។

កិច្ចប្រជុំចុងក្រោយរវាងលោក ត្រាំ និងលោក គីម ដែលត្រូវបានរំពឹងទុកជាយូរមកហើយពីគ្រប់ភាគីទាំងអស់បានបញ្ចប់ដោយគ្មានលទ្ធផល។ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានរៀបរាប់ពីរឿងនេះ គាត់ត្រូវបានគេបង្ខំឱ្យដើរចេញក្រោយពីលោក គីម ជុងអ៊ុន បានទាមទារឱ្យមានការដកទណ្ឌកម្មទាំងអស់ជាថ្នូរនឹងការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរពេញលេញ។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា គាត់មិនទាន់ត្រៀមខ្លួនសម្រាប់ជំហានបែបនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានកោតសរសើរចំពោះវឌ្ឍនភាពក្នុងការចរចា និងបាននិយាយថា ការចរចានឹងបន្តនៅកម្រិតអ្នកជំនាញ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)