រាជរដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្តនូវនយោបាយគាំពារសង្គម សម្រាប់ស្ត្រីក្រីក្រដែលមានផ្ទៃពោះ និងឆ្លងទន្លេនៅពេលខាងមុខ

វិទ្យុជាតិកម្ពុជា ស្រីផល ៖

ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា នៅពេលខាងមុខនេះ គឺជាដំណាក់កាលដែលយើងត្រូវដាក់ឲ្យអនុវត្តនូវនយោបាយគាំពារសង្គម សម្រាប់ស្ត្រីក្រីក្រ ដែលមានផ្ទៃពោះ និងឆ្លងទន្លេ ។


ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាចដាក់រាប់បញ្ចូលនៃការធ្វើស្ថិតិ នៅក្នុងចំណោមកាដ្ឋានដូចជាការដ្ឋានសំណង់ បណ្តាក្រុមហ៊ុនសំណង់ ដែលមានស្ត្រីនៅទីនោះ ក្រុមហ៊ុនមួយចំនួនជាខ្នាតតូច ឬខ្នាតធំ កសិដ្ឋាន ឧស្សាហកម្ម កសិកម្មដែលមានកម្មករនៅទីនោះ រាប់បញ្ចូលទាំងអស់ដើម្បីចូលទៅក្នុងក្របខ័ណ្ឌ នៃការអនុវត្តគោលនយោបាយគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រ ដែលនឹងទទួលបាននូវអត្ថប្រយោជន៍ ចាប់ពីពេលមានផ្ទៃ ត្រូវទទួលបានការឧបត្ថម្ភ ៤ដងរហូតទៅដល់ពេលឆ្លងទន្លេ ។

សម្ដេចតេជោបន្តថា នៅពេលឆ្លងទន្លេ ត្រូវទទួលបានការឧបត្ថម្ភ១ដង និងបន្ទាប់ពីការឆ្លងទន្លេ រហូតទៅដល់កូនមានអាយុ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភរហូត ចំនួន១០ដងផ្សេងទៀត ដែលរាជរដ្ឋាភិបាលនឹងបញ្ចេញសាច់ប្រាក់ទៅសម្រាប់ពួកគាត់ រហូតទៅដល់ប្រមាណ ២០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់មនុស្សម្នាក់។
សម្លេង៖ ចឹងខ្ញុំគិតថា យើងអាចគួបផ្សំដោយសារក្រុមហ៊ុនមួយចំនួន មិនបានមកចុះបញ្ជី យើងប្រើប្រាស់នូវការរៀបចំស្ថិតិសម្រាប់កំណត់អត្ដសញ្ញាណ នៃអ្នកក្រីក្រនេះនៅក្នុងចំណោមរោងចក្រ សហគ្រាស កសិដ្ឋាន ដែលប្រើប្រាស់កម្មករជាស្ត្រីនោះតែម្ដង។អញ្ចឹងសូមឲ្យក្រសួងកិច្ចការនារី ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធនានា គួរតែប្រើប្រាស់ស្ថិតិមួយ ដែលចាប់ផ្ដើមពីសំណុំបញ្ហា ដែលយើងបាននឹងកំពុងរៀបចំដាក់ឲ្យដំណើរការ ទៅលើបញ្ហាការគាំពារសង្គមសម្រាប់ស្ត្រីក្រីក្រ ។បន្ថែមពីលើអ្វីដែលយើងបាននិងកំពុងធ្វើចំពោះស្ត្រីនៅក្នុងជាមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងស្ត្រីជាកម្មការិនីក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឥលូវយើងធ្វើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធ្វើទៅលើប្រជាជនទូទៅទាំងប្រទេសដែលជាអ្នកក្រីក្រ។ យើងចាត់ទុកកម្មកររបស់យើង កម្មការិនីរបស់យើង ដែលធ្វើការនៅតាមកសិដ្ឋាន នៅតាមរោងចក្រ នៅតាមទីកន្លែងនានា ដែលមិនទាន់បានទៅចុះបញ្ជីនោះ គឺចាត់ទុកថាជាប្រភេទនៃអ្នកក្រីក្រភាគច្រើន លើកលែងតែគេធ្វើការនៅតាមធនាគារ ។អានិងគឺរឿងមួយផ្សេង ប៉ុន្តែអ្នកទាំងនោះក៏អាចត្រូវមកចុះបញ្ជីផងដែរ ដើម្បីអោយបានទទួលនូវអត្ថប្រយោជន៍ នេះជាចំណុចទី៤ ដែលខ្ញុំចង់ចែករំលែកនិងចង់ឲ្យមានការយកចិត្តទុកដាក់បន្ថែម៕