មេដឹកនាំកូរ៉េខាងជើងបានមកដល់ប្រទេសវិញបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយលោកត្រាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៥.០៣.១៩)

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានប្រកាសថាលោកគីមជុងអ៊ុនបានមកដល់ប្រទេសវិញកាលពីថ្ងៃអង្គារនេះដោយបានបញ្ចប់ការធ្វើដំណើរលើផ្លូវដ៏ឆ្ងាយឆ្លងកាត់ប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំកំពូលនៅហាណូយរបស់លោកជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែអ្វីទាំងអស់។

ដំណើរទស្សនកិច្ចរបស់លោកគីមទៅកាន់ប្រទេសវៀតណាមគឺជាលើកទីមួយរបស់មេដឹកនាំ កូរ៉េខាងជើងចាប់តាំងពីឆ្នាំ១៩៦៤ មកដោយលោកគីមអ៊ីលស៊ុងក៏ធ្លាប់ធ្វើដំណើរតាមផ្លូវដែកផងដែរសម្រាប់ការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍។

ការសន្ទនារវាង លោកគីមនិងលោកត្រាំនៅទីក្រុងហាណូយបានបញ្ចប់យ៉ាងតក់ក្រហល់ដោយគ្មានពិធីចុះហត្ថលេខាអ្វីទាំងអស់បន្ទាប់ពីបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាថ្នូរនឹងការដកទណ្ឌកម្មប្រឆំាងនឹងប្រទេសកូរ៉េខាងជើង ។ក្រោយពីហេតុការណ៍នេះភាគីសងខាងបានបន្ទោសគ្នាទៅវិញទៅមកចំពោះការបរាជ័យនៃជំនួបកំពូលនេះ។