មន្ត្រីជំរឿន​ ខេត្តកំពង់ចាម​ ​ចុះសម្ភាសនៅផ្ទះ ឯកឧត្តម​ ហ៊ុន​ ណេង​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ចាម​​

វិទ្យុជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា កំពង់ចាម៖

មន្ត្រីជំរឿន​ ក្នុងខេត្តកំពង់ចាម​ ​និងក្រុមការងារ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានចុះសម្ភាសនៅផ្ទះ ឯកឧត្តម​ ហ៊ុន​ ណេង​ អ្នកតំណាង​រាស្ត្រ​មណ្ឌលកំពង់ចាម​​ និងជាសមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​ ប្រធានគណ:កម្មការមហាផ្ទៃ​ ការពារជាតិ​ អង្កេត​ បោសសំអាត​ និងមុខងារសាធារណៈ ដើម្បីធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩។

សូមជម្រាបថា ជំរឿនទូទៅប្រជាជន​នៅទូទាំងប្រទេស​ ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី​០៣​ ដល់​ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩​។ នេះជាការធ្វើជំរឿន​លើកទី៣​ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា​ ដែលជាទូទៅធ្វើឡើរៀងរាល់​ ១០​ឆ្នាំ​​ម្ដង​ ដើម្បីទទួល​បាន​ទិន្នន័យប្រជាសាស្ត្រ​ ជាក់លាក់​ សម្រាប់​ប្រើប្រាស់​ រៀបចំតាក់តែងគោល​នយោបាយ​ ឲ្យបានត្រឹមត្រូវ​ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាម​ដាន​ត្រួតពិនិត្យ​ ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ របស់កម្ពុជា​ ២០១៦​-២០៣០​ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ។

ដើម្បីឲ្យការធ្វើជំរឿន ទទួលបានលទ្ធផលប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕