សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត អោយ ស្នងការនគរបាលជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម

វិទ្យុជាតិកម្ពុជា៖ដោយ មឹង កុសល

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Hoong Wee Teck ស្នងការនគបាលជាតិ នៃប្រទេសសិង្ហបុរី នៅវិមានរដ្ឋាភិបាលសន្តិភាព។ 

នៅក្នុងជំនួបនេះឯកឧត្ដមHoong Wee Teck បានគោរពជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃដំណើរទស្សនកិច្ចលើកទីមួយរបស់ឯ.បានមកកាន់កម្ពុជាដែលឯកឧត្ដម បានសង្កេតឃើញថាប្រទេសកម្ពុជាស្រស់ត្រកាល និងមានការរីកចម្រើនយ៉ាងច្រើន។

 ទន្ទឹមនឹងនោះដែរ ឯកឧត្ដមស្នងការនគបាលជាតិ នៃប្រទេសសិង្ហបុរី បាន ជម្រាបជូន សម្តេចតេជោ អំពីកិច្ចពិភាក្សាផ្ទាល់រវាងរូបឯ.ជាមួយនឹង ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ដែលបានពិភាក្សាគ្នាលើកម្មវត្ថុជាច្រើន ជាពិសេសលើកិច្ចសហប្រតិបត្តិការផ្លាសប្តូរបច្ចេកវិទ្យាព័ត៌មានកម្ពុជា និងសិង្ហបុរី និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីផងដែរ។ ស្ថាប័ននគរបាលជាតិនៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី គឺមានទំនាក់ទំនង និងមានកិច្ចសហប្រតិបត្តិការគ្នាល្អជាយូរលង់មកហើយ ហើយឈរលើមូលដ្ឋាននេះ ស្ថាប័នទាំងពីរនឹងព្រឹងនូវកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែបានល្អប្រសើ និងស៊ីជម្រៅថែមទៀត។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្ដមស្នងការ Hoong Wee Teck ដែលបានមកដល់កម្ពុជាក្នុងទិសដៅខាងលើ។ សម្តេចតេជោ ពេញចិត្តនឹងសមត្ថភាពដែលសិង្ហបូរីមាន ជាពិសេសបទពិសោធន៍ បច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានជាច្រើននៅក្នុងកម្រិតតំបន់ផង និងនៅប្រទេសជុំវិញតំបន់ផងដែរ។ សម្ដេចតេជោ បានគាំទ្រ និងលើកទឹកចិត្តអោយស្ថាប័នទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែរឹងមាំល្អ ជាពិសេស គឺផ្លាស់ប្តូរព័ត៌មានដែលជួយពង្រឹងវិស័យសន្តិសុខជាតិ និងតំបន់ ព្រមទាំងទប់ស្កាត់នូវអំពើភេរវកម្មនានា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានស្នើសុំអោយភាគីសិង្ហបូរីជួយដល់ការបណ្តុះបណ្តាលពង្រឹងធនធាននគរបាលជាតិកម្ពុជា និងផ្តល់នូវចំណេះដឹង បទពិសោធន៍ បច្ចេកទេស ពាក់ព័ន្ឋនឹងបច្ចេកវិទ្យាព័ត៌មានដល់នគរបាលកម្ពុជាអោយមានសមត្ថភាពខ្ពស់រឹងមាំថែមទៀផត។ ជាក់ស្តែងសិង្ហបូរី មានសមត្ថភាពក្នុងការទប់ស្កាត់អំពើភេវកម្មបានល្អ និងមានវិធីគ្របគ្រងនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានយ៉ាងមានប្រសិទ្ឋភាពទៀតផង។

មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខ ឯកឧត្ដម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីសិង្ហបូរី ព្រមទាំងបានជូនពរគណប្រតិភូនៃស្នងការនគរបាលជាតិសិង្ហបូរីទាំងអស់ ទទួលបានជោគជ័យនៅក្នុងកិច្ចពិភាក្សាការងារ ព្រមទាំងបានសប្បាយរីករាយក្នុងការស្នាក់នៅនឹងទស្សនកិច្ចនៅកម្ពុជា៕