កម្ពុជា​ -សឹង្ហបុរីប្ដេជ្ញារួមគ្នាទប់ស្កាត់រាល់បទល្មើសឧក្រឹដ្ឋឆ្លងដែនរវាងប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា​ ៖

រាជរដ្ឋាភិបាល​កម្ពុជា​ -រដ្ឋាភិបាល​សឹង្ហបុរីបានប្ដេជ្ញារួមគ្នាទប់ស្កាត់រាល់បទល្មើសឧក្រឹដ្ឋ ឆ្លងដែន ដើម្បីការពារផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ មានប្រសាសន៍ថា ភាគីកម្ពុជា និងសិង្ហបុរី នឹងបន្តសហការគ្នាក្នុងការទប់ស្កាត់រាល់បទល្មើសឧក្រឹដ្ឋផ្សេងដូចជា ការប្រឆាំងភេរវកម្ម ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗទៀត។​

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអោយដឹងដូច្នេះក្នុង
ជំនួបជាមួយប្រតិភូសឹង្ហបុរីដឹកនាំដោយ ឯកឧត្តម HOONG WEE TECH អគ្គស្នងការនគរបាលជាតិសឹង្ហបុរី កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោម​បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះកិច្ចសហប្របិត្តិការទ្វេភាគីរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិសឹង្ហបុរី លើកិច្ចសហការទប់ស្កាត់បទឧក្រឹដ្ឋឆ្លងដែន និងប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា។

សម្តេចក្រឡាហោម បានជឿជាក់ថា​ ការបន្ដកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងនគរបាលនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមសហការគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងគោលបំណងការពារផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរ ក៏ដូចជាផលប្រយោជន៍ទាំងថ្នាក់តំបន់ និងពិភពលោក។

សម្តេចក្រឡាហោម បានថ្លែងអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាអគ្គស្នងការនគរបាលជាតិសឹង្ហបុរី ដែលបានជួយដល់កម្ពុជាតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ជាពិសេសនគរបាលសឹង្ហបុរី បានជួយផ្តល់វគ្គបណ្តុះបណ្តាលជំនាញផ្នែកបង្រ្កាបបទឧក្រឹដ្ឋឆ្លងដែនដល់នគរបាលកម្ពុជាផងដែរ។

ឯកឧត្តម HOONG WEE TECH បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងសឹង្ហបុរី គឺជាមិត្តដ៏ល្អនឹងគ្នា ហើយសឹង្ហបុរីរីករាយជានិច្ចចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ។

ឯកឧត្ដម​ បានបញ្ជាក់ថា​ រដ្ឋាភិបាល​សឹង្ហបុរីនឹងបន្តជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត ដល់កងកម្លាំងកម្ពុជាគ្រប់ពេលវេលា ជាពិសេសជំនាញផ្នែកនគរបាល៕