ក្រុមមន្ត្រីជំនាញចុះធ្វើជំរឿនដល់ក្នុងភូមិគ្រឹះ សម្តេច ហេង សំរិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


រាជធានីភ្នំពេញ៖ ក្រុមមន្ត្រីជំរឿន ដឹកនាំដោយលោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌចំការមន នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ បានចុះផ្ទាល់ ដល់ភូមិគ្រឹះ សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្របពេលដែលមន្ត្រីជំរឿន​ នៅទូទាំងប្រទេស បាននឹងកំពុង អនុវត្តសកម្មភាពជំរឿន ប្រជាពលរដ្ឋទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដែលមន្រ្តីជំរឿន បានចុះផ្ទាល់ ដល់ភូមិគ្រឹះសម្ដេច ហេង សំរិន ដោយក្រុមការងារ នៃមន្រ្តីជំរឿន បានជម្រាបជូនសម្ដេច ពីគោលការណ៍មួយចំនួន ពាក់ព័ន្ធ នឹងការជំរឿនប្រជាពលរដ្ឋ ដែលបានបញ្ជាក់ថា ការធ្វើជំរឿន ត្រូវរៀបចំ ជាសំណួរពាក់ព័ន្ធ​ នឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងការជំរឿន នៅក្នុងភូមិគ្រឹះសម្ដេច ក្រុមការងារត្រូវ ដាក់ជាសំណួរ ទៅលើសមាជិកទាំងអស់ នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកបំរើ អង្គរក្ស ដោយសួរ ពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើ​ ផ្ទះសម្បែង អគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ផ្ទាល់ នៅក្នុងគ្រួសារតែម្តង ជាមួយនិងការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្រ្តីជំរឿន បានបញ្ជាក់ថា ក្រុមមន្រ្តីជំរឿន មិនបង្ខំ តម្រូវឲ្យមាន អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត របស់ប្រជាពលរដ្ឋ មកបង្ហាញនោះទេ ។

សម្តេច ហេង សំរិន បានផ្តល់នូវបទសម្ភាសន៍ យ៉ាងក្បោះក្បាយ ដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសសម្តេច ដើម្បីបង្កភាពងាយស្រួល ជូនដល់ក្រុមការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញ នូវឯកសារ សមាជិក ក្រុមគ្រួសារសម្តេច ដល់មន្ត្រីចុះធ្វើជំរឿន។ ជាមួយគ្នានោះ សម្តេច ក៏បានរំលឹក នូវអតីតកាល ពាក់ព័ន្ធនឹងប្រវត្តតស៊ូ ក៏ដូចជាជីវិតអាពាហ៍ពិពាហ៍ របស់សម្តេចផងដែរ៕