ប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យក្រុមអ្នកនយោបាយនៅក្រៅច្បាប់ឲ្យចូលមកកម្ពុជាវិញតាមការសន្យារបស់ខ្លួន បើពុំដូច្នេះទេត្រូវរង់ចាំរហូត ដល់ ខែវិច្ឆិកា ឆ្នាំ ២០២២

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន​ វុទ្ធី​៖

ប្រមុខរាជរដ្ឋាភិបាលបានប្រកាសឲ្យក្រុមអ្នកនយោបាយនៅក្រៅច្បាប់ឲ្យចូលមកកម្ពុជាវិញតាមការសន្យារបស់ខ្លួន បើពុំដូច្នេះទេត្រូវរង់ចាំរហូត ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលគ្មានលទ្ធភាពចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឡើយ។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារនយោ បាយទៅក្រុមអ្នកនយោបាយនៅក្រៅច្បាប់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះដោយបានលើកឡើងថា ទ្វារបានបើកហើយ អ្នកចូលឬមិនចូលគឺស៊ីសងលើអ្នកតែប៉ុណ្ណោះ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហាន៤ នៅព្រឹកថ្ងៃទី៤ ខែមីនានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាថា អ្នកត្រូវគិតថាទ្វារដែលបានបើកហើយក៏អាចបិទទៅវិញបានដែរ បើអ្នកនៅតែព្រងើយកន្តើយ ហើយចង់ទាមទារនេះ ចង់ទាមទារនោះ លក្ខខណ្ឌនេះលក្ខខណ្ឌនោះ អ្នកត្រូវ រង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទើបទទួលបានការនិយាយគ្នាសារជាថ្មី។
សម្តេចតេជោបានថ្លែងទៀតថា សូមអ្នកកុំរង់ចាំអ្វីទាំងអស់ ខណៈដែលប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពជាប្រទេសឯករាជ្យ អធិបតេយ្យភាព ប្រទេសមានប្រជាធិបតេយ្យនិងនីតិរដ្ឋ ហើយរាជរដ្ឋាភិបាលបានខិតខំបើកទ្វារសម្រាប់អស់លោកអ្នក ប៉ុន្តែរឿងអស់លោកអ្នកចូលឬក៏មិនចូលគឺជារឿងអស់លោកអ្នក ហើយអស់លោកអ្នកកុំសង្ឃឹមថា និងមានការលើកលែងទោស ឬលើកលែងការចោទប្រកាន់ ចំពោះអ្នកណានោះទេ។
« សូមផ្ដាំព្រោះមានអ្នកខ្លះកំពុងរង់ចាំថា ចាំមើលក្រោយ ក្រោយថ្ងៃ ៣ ខ្ញុំសូមឱ្យអ្នកឯងរង់ចាំ មើល ឆ្នាំ២០២២ ២០២៣ ឯនោះ លោកឯងចូលមិនចូល រឿងរបស់លោកឯង ទេ សិទ្ធិនយោបាយហាមឃាត់ អ្នកហ៊ានធ្វើនយោបាយខ្ញុំហានវាយខ្នោះ និយាយពិត រឿងហ្នឹងវាតែប៉ុណ្ណឹង ទ្វារបើកហើយ អ្នកឯងមិនចូលរួមរបស់អ្នកឯង ហើយកុំរង់ចាំថា និងមានការសម្របសម្រួលខាងនយោបាយណាមួយ នេះមិនមែនជារឿងនយោបាយទេតែនេះជារឿងផ្លូវច្បាប់ តុលាការត្រូវកាត់ទោសជន ដែលកំពុងជាប់ ការស៊ើបអង្កេត ពីសំណាក់តុលាការជាបន្ត ការស៊ើបអង្កេតគេនឹងដំណើរកាក្តី តាមអំណាចរបស់តុលាការ ខ្ញុំគ្រាន់តែឲ្យសារ ចុងក្រោយសម្រាប់អ្នក ហើយបើអ្នកព្រងើយកន្តើយទ្វាអាចបិទនៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ទោះបីជាអ្នកដាក់លិខិតសុំ ក៏ខ្ញុំមិនអើពើ រឿងវាតែប៉ុណ្ណឹង។ ខ្ញុំគ្រាន់តែបញ្ជាក់ឲ្យអ្នក ហើយខ្ញុំបញ្ជាក់នៅមុខទូតជប៉ុនទៀតផង ដើម្បីឲ្យអ្នកឯងបានដឹង ព្រោះខ្ញុំដឹងអ្នកខ្លះរង់ចាំ មើលប៉ុន្មានថ្ងៃទៀត ប៉ុន្មានអាទិត្យទៀត ខ្ញុំថាបើអ្នកអាចរង់ចាំ ត្រូវរង់ចាំដល់ ខែវិច្ឆិកា ២០២២ដូច្នេះអ្នកគ្មានលទ្ធភាព ដើម្បីចូលរួមនិងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ដែលគ្រោងនឹងធ្វើនៅខែឧសភា ឆ្នាំ ២០២២ នោះទេ។
អ្នកត្រូវចាំ ហើយបើអ្នកនៅបន្តសំដីឈ្លើយ ទ្វានឹងត្រូវបិទមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ឆ្នាំ ២០១៩ នេះជាភាពព្រហើនវាមិនអាច ព្រោះមានតែធ្វើតាមហ្នឹងទៅ ច្បាប់គឺច្បាប់ហើយ ក៏ប៉ុន្តែគេអនុញ្ញាតឱ្យរដ្ឋមន្ត្រីមហាផ្ទៃ ហើយចុងក្រោយស្នើរមកនាយករដ្ឋមន្រ្តី អញ្ចឹងទេ រដ្ឋមន្ត្រីមហាផ្ទៃ បដិសេធ តាំងពីពេលនោះ ប៉ុន្តែមកដល់រូបនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីថាទេ ហើយព្រហើនពេកទុកឯងហ្នឹង។