ក្រសួងអប់រំគ្រោងចែកសៀវភៅ៤០០០ក្បាលដោយឥតគិតថ្លៃនៅថ្ងៃទិវាជាតិអំណានឆ្នាំ២០១៩

វិទ្យុជាតិមក្ពុជា៖ ដោយលោកស្រី ប៉ុង សុភាវី ៖

ក្រសួងអប់រំគ្រោងចែកសៀវភៅ៤០០០ក្បាលដោយឥតគិតថ្លៃនៅថ្ងៃទិវាជាតិអំណានលើកទី៤ឆ្នាំ២០១៩ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធឹកអធម ក្នុងគោលបំណង់ បង្កើនការបណ្តុះផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសសិស្សានុសិស្សមានទម្លាប់នៃការអាន។

  រដ្ឋមន្រ្តីក្រសួងអប់រំបានប្រកាសឲ្យសិស្សនិស្សិតនិងប្រជាពលរដ្ឋខ្មែរទូទៅអញ្ចើញទៅ      ចូលរួមក្នុងព្រឹត្តិការណ៍ទិវាជាតិអំណានលើកទី៤ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ឲ្យបានអធឹកអធម នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហើយនឹងមានការចែកជូនសៀវភៅជាភាសាខ្មែរដល់អ្នកចូលរួមដោយអត់គិតថ្លៃទៀតផង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សៀវភៅទំាងជាង៤០០០ក្បាលសម្រាប់អ្នកចូលរួមនេះ ជាសៀវភៅអត្ថបទ អក្សសិល្ប៍ដែលជាស្នាដៃរបស់ខ្មែរ។

 ឯកឧត្តមបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍នោះក្រៅពីការចែកសៀវភៅ ក៏មានការលក់សៀវភៅបញ្ចុះតម្លៃផងដែរ នឹងព្រឹត្តិការណ៍ផ្សេងៗដើម្បីបណ្តុះគំនិតឲ្យកុមារ និងសិស្សានុសិស្សកាន់តែមានទម្លាប់ចង់អាន ព្រោះកាលណាអានច្រើននឹងចេះកាន់តែច្រើន។

  ឯកឧត្តមបានបន្ថែមថា ដើម្បីជំរុញឲ្យសិស្សានុសិស្សនិងប្រជាពលរដ្ឋមានទម្លាប់ក្នុងការ អានក្រៅពីការអាននៅក្នុងសៀវភៅ ក្រសួងបានបង្កើតឲ្យកម្មវិធីអាននៅក្នុងទូរសព្ទដៃផងដែរ ស្របពេលដែលសម័យបច្ចេកវិទ្យាកំពុងតែរីកចំរើន គឺដើរឲ្យទាន់សម័យកាល។

សម្លេង៖ឥឡូវនេះគឺយើងថាមានគំនិតមួយបង្កើតជាកម្មវិធីទូរស័ព្ទដៃតែម្ដង ហើយយើងដាក់ជាសួនអំណាន ចឹងជាកម្មវិធីដែលយើងហៅថាApp ដើម្បីផ្សារភ្ជាប់អ្នកអាន អ្នកដែលចង់អានAppនឹងចឹងគាត់ឃើញអត្ថបទល្អល្អ ពាក់ព័ន្ធទៅនឹងភាសាខ្មែរ អក្សរសិល្ប៍ខ្មែរ ការស្រាវជ្រាវផ្សេងៗ ចឹងគឺគាត់អានអក្សរសិល្ប៍ខ្មែរ អានអត្ថបទនៅក្នុងAppទូរស័ព្ទដៃជារៀងរាល់ថ្ងៃតែម្តង មិនចាំបាច់ថាថ្ងៃ១១ខែមីនាហ្នឹង អាចអានបានទេ ចំណុចទី២ ដើម្បីលើកកម្ពស់អំណាននេះ យើងចង់ឲ្យមានការស្រាវជ្រាវ ផ្នែកខេមរសិក្សា ហើយឲ្យមានការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ដោយអញ្ជើញអ្នកឯកទេសផ្សេងៗ មកសិស្សាស្រាវជ្រាវ ហើយបោះពុម្ពផ្សាយឲ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹង ពីឫសគល់ភាសាខ្មែរ ថាតើភាសាខ្មែរនឹងវិវឌ្ឍន៍ទៅមុខយ៉ាងម៉េចទៀត ដើម្បីឱ្យយុវជនខ្មែរយើងមានការចាប់អារម្មណ៍ ហើយចាប់យកជាជំនាញផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ទៀតថា ប្រសិនបើប្រទេសមួយ មិនមានការរីកចម្រើនខាងវិទ្យាសាស្ត្រនោះទេ ប្រទេសនោះក៏មិនមានការរីកចម្រើននោះដែរប្រទេសដែលមានការរីកចំរើន គឺជាប្រទេសដែលមានយុវជនចូលចិត្តក្នុងការអានច្រើន ទាក់ទងទៅនឹងអក្សរសិល្ប៍ ការអានប្រលោមលោក និងការអានជាលក្ខណៈវិទ្យាសាស្ដ្រ។ 

ឯកឧត្តមបន្តថា នៅពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាគឺបានវិវត្តទៅយ៉ាងលឿន ដូច្នេះយុវជនជំនាន់ក្រោយត្រូវតែព្យាយាមតាមឲ្យទាន់នូវបច្ចេកវិទ្យាថ្មីៗ ដូចនេះទាមទារឲ្យយុវជនត្រូវតែអានឲ្យបានច្រើន ដើម្បីសម្រេចបាននូវជោគជ័យ បើសិនជាយុវជនអានមិនបានអានច្រើននោះទេ នោះក៏មិនអាចធ្វើអ្វីបានសម្រេចជោគជ័យនោះដែរ៕