សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសខួបលើកទី១០៨ នៃទិវាអន្តរជាតិ៨មីនា

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងឱកាសខួបលើកទី១០៨ នៃទិវាអន្តរជាតិ៨មីនា ដើម្បីសម្ដែងនូវការគោរពដល់ទ្រង់ដែលជាព្រះវររាជមាតាជាតិខ្មែរ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយរាជាអនុញ្ញាតលើកហត្ថប្រណម្យ បួងសួងដល់វត្ថុស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាសេ្វតច្ឆត្រគុណបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រព្រះមហាក្សត្រី​យ៉ានីខ្មែរគ្រប់ព្រះអង្គពិសេសបុណ្យព្រះបារមីព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ តាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ព្រះសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ឲ្យទ្រង់ប្រកបដោយ​ព្រះពុទ្ធពរ​ដ៏ឧត្តុង្គឧត្តមជានិច្ចនិរន្តរ៍តរៀងទៅ។

ពិសេសប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូរណ៍ព្រះ​ជន្មាយុយឺនយូរជាងរយព្រះវស្សាចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។

តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខួបលើកទី១០៨ នៃទិវាអន្តរជាតិ៨មីនាឆ្នាំនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងអបអរសាទរជាមួយនឹងប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»ដែលមានទិសដៅពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅក្នុងគោលបំណងធ្វើឲ្យពួកគេក្លាយជាកម្លាំងចលករ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព ព្រមទាំងចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី និងការលុបបំបាត់រាល់​ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងបញ្ហាដែលកើតមានឡើងថ្មីៗ។

សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតទៅលើប្រជាពលរដ្ឋក្រីក្រនិងក្រុមងាយរងគ្រោះ តាមរយៈការបង្កើតធនធានហរិញ្ញវត្ថុ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់វប្បធម៌អហិង្សាក្នុងទិសដៅឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាពឋានៈតួនាទីរបស់ស្ត្រី ព្រមទាំងសុខុមាលភាពសង្គមដោយធ្វើការទប់ស្កាត់ និង កាត់បន្ថយអំពើហិង្សា និងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕