ចិនប្រកាសជួយបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកជួន បូណា
ភ្នំពេញ៖ ចិនប្រកាសជួយបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជាតាមរយៈការផ្ដល់ជំនួយសម្ភារៈបច្ចេកទេស ដើម្បីធានាឲ្យកម្ពុជាសម្រេចឲ្យបានគ្មានមីននៅឆ្នាំ២០២៥តាមការគ្រោងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលចិនបានប្រកាសផ្តល់សម្ភារៈបោះសំអាតមីនជាច្រើនដល់អាជ្ញាធរមីនកម្ពុជា រួមមាន ម៉ាស៊ីនរាវមីនជម្រៅជ្រៅ ចំនួន ១០ គ្រឿង ម៉ាស៊ីនរាវមីនជម្រៅរាក់ចំនួន ១០ គ្រឿង អាវសុវត្ថិភាព(PPE) ចំនួន ២៥ កំប្លេរ មួកសុវត្ថិភាពចំនួន ២៥ មួក រថយន្តដឹកអ្នកដំណើរ៩កៅអី ចំនួន ០១ គ្រឿង រថយន្តភីកអាប់ចំនួន ០២ គ្រឿង ក្នុងគោលដៅបំរើសកម្មភាពនៃការបោះសំអាតមីននៅកម្ពុជា។
ការផ្ដល់ជំនួយសម្ភារៈទំាងនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សម្រាប់គម្រោងអភិវឌ្ឍន៍ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប រវាង ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជអនុប្រធានទី១ អាជ្ញាធរមីន ជាមួយអង្គការ Peace Land Foundationនៅប្រទេសចិន និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅអាជ្ញាធរមីន។
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់រវាងអាជ្ញាធរមីន និងអង្គការ Peace Land Foundation នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដែលជាការចូលរួមលើកដំបូង ក្នុងការគាំទ្រការងារបោសសម្អាតមីនពីអង្គការ Peace Land Foundation ជាពិសេសការជ្រើសរើសយកភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប សម្រាប់ការអនុវត្តនូវគោលនយោបាយភូមិគ្មានមីន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន។
ឯកឧត្តមទេរដ្ឋមន្រ្តីលី ធុជ អនុទី១នៃអាជ្ញាធរមីនបានមានប្រសាសន៍ថា ការចូលរួមរបស់ ភាគីចិនជួយដល់កម្ពុជាក្នុងវិស័យសកម្មភាពមីននេះ នឹងធ្វើឲ្យកម្ពុជាឆ្ពោះទៅសម្រេចបាន “កម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥”តាមការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា ការធានាឲ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ខាងមុខនេះ នឹងជួយអោយកម្ពុជាកាត់បន្ថយសោកនាដកម្មនានាដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រជាពលរដ្ឋមានលទ្ធភាពធ្វើកសិកម្មនៅលើដីធ្លីរបស់ខ្លួនប្រកដោយសុវត្ថិភាព មិនបារម្ភពីគ្រោះថ្នាក់ដោយសារគ្រាប់មីន។
សូមបញ្ជាក់ថា កម្ពុជានៅមានផ្ទៃដីសង្ស័យថា មានមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោមប្រមាណជិត២ពាន់គីឡូម៉ែត្រក្រឡាទៀតដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៥។ ដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្រនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា គឺត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិកបន្ថែមទៀត៕