សម្តេចពញាចក្រី ហេង សំរិន ថា រដ្ឋសភាបានខិតខំលើកកម្ពស់សមភាពយេនឌ័រ

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាង ភក្តី

ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអះអាងថា រដ្ឋសភាបានខិតខំលើកកម្ពស់សមភាពយេនឌ័រ ដើម្បីការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។

ថ្លែងក្នុងជំនួបសំណេះសំណាល និងអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ថ្ងៃទី៨ ខែមីនា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៤ ខែមីនានេះ សម្តេចពញាចក្រី បានបញ្ជាក់ថា រដ្ឋសភាបានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុរបស់ស្រ្តី តាមរយៈការងារនីតិកម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា សំដៅការពារ និងលើកកម្ពស់សិទ្ធិរបស់ស្រ្តី និងក្មេងស្រីក្នុងគ្រប់វិស័យ។ សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី បន្ត និងជំរុញការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

បើតាមការលើកឡើងរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា ស្រ្តីនៅកម្ពុជា ត្រូវបានទទួលតួនាទីកាន់តែច្រើននៅក្នុងឋានៈជាអ្នកសម្រេចចិត្ត នៅលើវិស័យសាធារណៈ និងនយោបាយ នៅក្នុងនោះ មានចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើង ជាលំដាប់ពី៣៤ភាគរយ ទៅ៤១ភាគរយ។

លោកជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានតែងតំាងស្រ្តីជាអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានីខេត្ត២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។

ក្នុងឆ្នាំ២០១៨ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន៤រូប និងមន្រ្តីការទូតជាស្រ្តីដែលកំពុងប្រចំាការនៅបរទេសមានចំនួន៤៩រូប។ លោកជំទាវ បានអះអាងថា កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្សរ៍មុនឆ្នាំការកំណត់លើសុខភាពមាតា និងទារក ហើយអំពើហិង្សា និងការរំលោភនានាលើស្រ្តី ក៏បានថយចុះគួរឲ្យកត់សម្គាល់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៩នេះ បានជ្រើសរើសប្រធានបទសម្រាប់អបអរទិវាអន្តរជាតិនារី ៨មីនា ស្តីពីលើកកម្ពស់សមភាពយេនឌ័រ និងការគំាពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» គឺដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តលើការលើកកម្ពស់ស្ថានភាពស្រ្តីឲ្យទទួលបានសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព៕