ប្រតិបត្តិការហោះហើរបន្តឡើងវិញមួយផ្នែក នៅឯព្រលានយន្តហោះឡាហ័ររបស់ប៉ាគីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — អាជ្ញាធរអាកាសចរណ៍ស៊ីវិល CAA របស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យនេះបានចេញសេចក្តីជូនដំណឹងពីការស្តាឡើងវិញមួយផ្នែក នៃប្រតិបត្តិការហោះហើរនៅឯព្រលានយន្តហោះក្រុងឡាហ័រ ក្នុងខេត្តបញ្ចាបរបស់ប្រទេសនេះ បន្ទាប់ពីបញ្ឈប់អស់ប្រហែល៨០ម៉ោងមក ។

CAA បាននិយាយនៅលើTwitter ថា ប្រតិបត្តិការហោះហើរទៅ នឹងចេញពីព្រលានយន្តហោះអន្តរជាតិ Allama iqbal នៅក្នុងឡាហ័រ នឹងបន្តឡើងវិញនៅក្រោមដែនអាកាស ដែលមានការរឹតបន្តឹងព្រមជាមួយ NOTAM ( សេចក្តីជូនដំណឹងរបស់កងកម្លាំងអាកាស ) ដែលមានស្រាប់ ។ សូមទាក់ទង់ជាមួយក្រុមហ៊ុនយន្តហោះ របស់លោកសម្រាប់ព័ត៌មានពិស្តារថែមទៀត ។

ដែនអាកាសត្រូវបានគេបិទកាលពីថ្ងៃពុធ បន្ទាប់ពីមានចលាចលនៅឯព្រំដែនភាគឦសាន របស់ ប្រទេសនេះជាមួយប្រទេសឥណ្ឌា នៅពេលដែលយន្តហោះកងកម្លាំងអាកាសប៉ាគីស្ថានបានបាញ់ទម្លាក់ យន្តហោះឥណ្ឌា២គ្រឿង ដែលរំលោភលើខ្សែបន្ទាត់ត្រួតត្រា ។

សេចក្តីរាយការក្នុងស្រុកបាននិយាយថា ប្រតិបត្តិការហោះហើរត្រូវបានគេបន្តឡើងវិញនៅឯ ព្រលានយន្តហោះនោះនៅម៉ោង៦ព្រឹក ម៉ោងក្នុងស្រុកហើយក្រុមហ៊ុនយន្តហោះទាំងអស់ត្រូវបានគេជូនដំណឹងឱ្យកំណត់ពេលវេលាឡើងវិញ ដើម្បីនាំយកប្រជាជនដែលជាប់គាំងនៅក្រៅប្រទេសត្រឡប់មកស្រុកវិញ ។ CAA បានស្តាឡើងវិញប្រតិបត្តិការហោះហើរ កាលពីថ្ងៃស្រុកនៅក្នុងរដ្ឋធានីអ៊ិស្លាម៉ាបាដរបស់ប្រទេសនេះ ព្រមទាំងទីក្រុងប៉េសាវ៉ា , កេត្តា និងការ៉ាជី ។

នៅពេលជាមួយគ្នានោះដែរ អាជ្ញាធរនេះបាននិយាយថា ព្រលានយន្តហោះដទៃទៀតនៅបញ្ចាប , ស៊ីន និងតំបន់ភាគខាងជើងរបស់ប្រទេសនេះនឹងនៅតែបិទដដែល រហូតដល់មានការជូនដំណឹងថែម ទៀត ។

ក្រុមហ៊ុនយន្តហោះអន្តរជាតិប៉ាគីស្ថាន ដែលមានទង់ជាតិជាផ្លូវការរបស់ប្រទេសប៉ាគីស្ថានបាន និយាយនៅលើគណនី Twitter របស់ខ្លួនថា ជើងហោះហើរជាង៤០០ និងអ្នកដំណើរ ២៥.០០០ នាក់ ត្រូវ ​បានប៉ះពាល់ចាប់តាំងពីការផ្អាកចរាចរអាកាសដោយ CAA ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )