ប្រទេសឥណ្ឌាបដិសេធមិនបង្ហាញព័ត៌មានលម្អិតអំពីការវាយប្រហារ តាមអាកាសខណៈដែលប៉ាគីស្ថានអំពាវនាវឱ្យមានសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោក Arun Jaitley បានថ្លែងថា បណ្តាទីភ្នាក់ងារសន្តិសុខនឹងមិនចេញផ្សាយព័ត៌មានលម្អិតណាមួយ អំពីការវាយឆ្មក់តាមផ្លូវអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថាន ឡើយ។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីការអំពាវនាវឱ្យបញ្ចេញភ័ស្តុតាងអំពីកងកម្លាំងអាកាសឥណ្ឌាដែលបានវាយប្រហារជំរំសកម្មជនតាមការវាយប្រហារអាកាសកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ដែលនាំឱ្យមានភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរនេះ។

លោក Jaitley បាននិយាយថា «កងកម្លាំងប្រដាប់អាវុធត្រូវតែមាន ហើយទីភ្នាក់ងារសន្តិសុខ និងភ្នាក់ងារស៊ើបការណ៍របស់យើងត្រូវតែមានឆន្ទៈពេញលេញក្នុងការដោះស្រាយស្ថានការណ៍ ហើយប្រសិនបើនរណាម្នាក់ចង់ឱ្យព័ត៌មានលម្អិតអំពីប្រតិបតិ្តការឱ្យក្លាយជាសាធារណៈ […] គាត់ពិតជាមិនយល់អំពីប្រព័ន្ធនេះទេ»។

រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាក៏បានបដិសេធផងដែរអំពីការចោទប្រកាន់ថា សកម្មភាពយោធាឥណ្ឌាត្រូវបានភ្ជាប់ជាមួយការបោះឆ្នោតទូទៅនាពេលខាងមុខនេះដែលនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភា។

នៅពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានអំពាវនាវឱ្យមានដំណោះស្រាយមួយ ដើម្បីបន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌា តាមរយៈកិច្ចសន្ទនា និងបណ្តាញការទូតជំនួសឱ្យការប្រើអំណាចយោធា។

លោក Qureshi បាននិយាយថា «សន្តិភាព គឺជាអាទិភាពរបស់យើង ហើយយើងមិនចង់ធ្វើសង្គ្រាមជាមួយឥណ្ឌាទេ»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)