មេដឹកនាំកូរ៉េខាងជើងសង្ឃឹមក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩​ — យោងតាមទីភ្នាក់ងារមជ្ឈមណ្ឌលសារព័ត៌មានកូរ៉េ (KCNA) ដែលបានរាយការណ៍កាលពីថ្ងៃទី០២ ខែមីនា បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្តែងសេចក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងគ្រប់វិស័យទាំងអស់ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យដល់កម្រិតខ្ពស់ថ្មីមួយ។

KCNA បានរៀបចំអត្ថបទមួយស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក គីម នៅវៀតណាមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២ របស់លោកជាមួយលោកប្រធានាធិបតីសហរដ្ឋ អាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ។

ទីភ្នាក់ងារសារព័ត៌មាននេះបានដកស្រង់សម្តីរបស់លោក គីម ដែលបាននិយាយថា តាមរយៈកិច្ចប្រជុំប្រកបដោយផ្លែផ្ការវាងភាគីទាំងពីរ កូរ៉េខាងជើង និងវៀតណាម គួរតែធ្វើឱ្យមានលក្ខណៈធម្មតាឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមមានវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ កីឡា វប្បធម៌ និងសិល្បៈ ការផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង ហើយក្នុងពេលជាមួយគ្នានេះក៏ត្រូវធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងឱ្យដល់កម្រតិខ្ពស់ថ្មីមួយ។

កាលពីថ្ងៃទី១ ខែមីនា មេដឹកនាំកូរ៉េខាងជើងបានជួបចរចាជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong នៅវិមានប្រធានាធិបតីនៅរដ្ឋធានីរបស់វៀតណាម។ លោកក៏បានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ផងដែរ។

លោក គីម គឺជាមេដឹកនាំកូរ៉េខាងជើងទី១ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមបន្ទាប់ពីរយៈពេល ៥៥ឆ្នាំ។ កាលពីមុនស្ថាបនិកនៃកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរកាលពីឆ្នាំ ១៩៥៨ និងឆ្នាំ ១៩៦៤៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)