អនុគណៈកម្មាធិការរៀបចំឯកសារសម្រាប់សមាជបក្សជាតិវៀតណាមលើកទី ១៣

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី០២ ខែមីនា អ្នកជំនាញការសេដ្ឋវិទូ និងអ្នកវិទ្យាសាស្ត្រ បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំមួយ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅទីក្រុងហាណូយ ដើម្បីធ្វើការទៅលើឯកសារស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ដែលនឹងត្រូវដាក់ជូននៅសមាជបក្សជាតិលើក ទី ១៣ ។

លោកបាននិយាយថា អនុគណៈកម្មាធិការសង្គមសេដ្ឋកិច្ច ដែលបានបង្កើតឡើងដើម្បីជួយរៀបចំសមាជជាតិដែលគ្រោងទុកនៅដើមឆ្នាំ២០២១ ត្រូវបានប្រគល់ភារកិច្ចក្នុងការកសាងឯកសារស្តីពីយុទ្ធ សាស្ត្រអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១-២០៣០ និងកិច្ចការផ្សេងទៀតទៅលើផែនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១ – ២០២៥ ។

ឯកសារនេះនឹងបង្កើតទិសដៅជាយុទ្ធសាស្រ្តសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិនៅក្នុងទសវត្សរ៍ខាងមុខនេះ។ អ្នកចូលរួមបានព្យាករណ៍ថា ស្ថានភាពសកលលោកនឹងមិនអាចទាយទុកជាមុនបានក្នុងរយៈពេល ១០ឆ្នាំខាងមុខទេ ជាពិសេសផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មទីបួន។

ពួកគេបានកត់សម្គាល់ថា បញ្ហាសំខាន់បំផុត គឺកត្តាមនុស្ស។ សកម្មភាពគ្រប់គ្រងរបស់ទីភ្នាក់ងាររដ្ឋត្រូវធ្វើឱ្យប្រសើរឡើងដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយឡែកប្រមុខនៃក្រសួងស្ថាប័ន និងមូលដ្ឋាននីមួយៗត្រូវមានការទទួលខុសត្រូវខ្ពស់។

ប្រទេសវៀតណាមទទួលបានប្រយោជន៍សម្រាប់ការអភិវឌ្ឍកសិកម្មត្រូពិច។ ការប្រែប្រួលអាកាសធាតុនឹងមានផលប៉ះពាល់ដល់វិស័យកសិកម្ម ប៉ុន្តែវាក៏បង្កើតនូវឱកាសដើម្បីផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្មរបស់វៀតណាមផងដែរ។ ការអនុវត្តការធ្វើកសិកម្មដែលមានស្រាប់ពឹងផ្អែកខ្លាំងលើប្រភពទឹកសាបធម្ម ជាតិ។ តំបន់ដីកសិកម្មមួយភាគធំនឹងមានភាពងាយរងគ្រោះពីការហូរចូលនូវទឹកប្រៃ ដូច្នេះ រដ្ឋគួរតែកំណត់ទិសដៅដើម្បីជួយកសិករឱ្យផ្លាស់ប្តូរការអនុវត្តរបស់ខ្លួន។

អ្នកចូលរួមបានសំណូមពរឱ្យប្រើប្រាស់នូវកម្មវិធីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបន្ថែមទៀត ព្រមទាំងការកសាងពាណិជ្ជសញ្ញាដើម្បីឱ្យផលិតផលកសិកម្មរបស់វៀតណាមឆ្លើយតបទៅនឹងស្តង់ដារ និងតម្រូវការអន្តរជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)