ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាអ្នកវាយមន្ត្រីជំរឿនគឺអ្នកនោះមានទោសព្រហ្មទណ្ឌ

វិទ្យុជាតិកម្ពុជា​៖ ដោយ ស្រីផល៖

 ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រ  កម្ពុជា ឆ្នាំ២០១៩នេះវាអត់មានទាក់ទិននឹងនយោបាយទេ ក៏ប៉ុន្តែ មានរឿងអកុសលមួយ បានកើតឡើងនៅឯខេត្តតាកែវ រវាងមន្ត្រី អតីតគណបក្សមួយដែលងាប់ទៅហើយនោះ ទៅវាយមន្ត្រីជំរឿនហើយដុតចោលទាំងឯកសារជំរឿនទៀត។

ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាមន្ត្រីជំរឿនមិនមែនជាមន្តី្រធ្វើនយោបាយទេ បក្សណាក៏ដោយ អ្នកណាក៏ដោយ ឲ្យតែរស់នៅលើទឹកដីកម្ពុជាត្រូវធ្វើជំរឿនទាំងអស់ ។

សម្ដេចតេជោបន្តថាសុំកុំសន្និដ្ឋានថានេះជារឿងនយោបាយព្រោះ អ្នកវាយមន្ត្រីជំរឿនគឺអ្នកនោះមានទោសព្រហ្មទណ្ឌ។

ចឹងទេតើវាមកពីអី វាមកពីអី អាហ្នឹងតើវាមកពីឆ្កួត ប៉ុន្តែបើវាឆ្កួតវាគួរតែទៅវាយម៉ែវា ហេតុអីបានវាទៅវាយមន្ត្រីជំរឿន ហើយមន្ត្រីជំរឿនហ្នឹងគឺជា បងប្អូន សាច់ញាតិខ្លួនឯងទៀត ដែលបានកើតអញ្ចឹងទៀត បើប្រភេទឆ្កួតៗបែបនិងវាមិនមែនជារឿងនយោបាយទេ ជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះសូមឲ្យអ្នកទាំងឡាយធ្វើការវិនិច្ឆ័យឲ្យច្បាស់ មន្ត្រីជំរឿនមិនមែនជាមន្តី្រធ្វើនយោបាយទេ បក្សណាក៏ដោយ អ្នកណាក៏ដោយ ឲ្យតែរស់នៅលើទឹកដីកម្ពុជាត្រូវធ្វើជំរឿនទាំងអស់ ត្រូវជំរឿនទាំងអស់ ប៉ុន្តែហេតុអីបានជាគេទៅវាយមន្ត្រីធ្វើជំរឿន ហើយបើសិនជាអ្នកនោះត្រូវកាត់ឲ្យជាប់ទោស សូមអ្នកទាំងឡាយកុំសន្និដ្ឋានថានេះជារឿងនយោបាយ។ ព្រោះសុខៗអ្នកឯងទៅវាយគេ ហើយអ្នកវាយគេត្រូវមានទោសព្រហ្មទណ្ឌ អញ្ចឹងបានជាប្រទេសកម្ពុជាគ្មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។សូមបញ្ជាក់ សូមបញ្ជាក់ អ្នកឯងធ្វើអំពើក្បត់ជាតិ អ្នកឯងធ្វើអំពើបទល្មើសព្រហ្មទណ្ឌ អ្នកឯងត្រូវទទួលទោស មិនអាចអ្នកឯងគ្រាន់តែ កាន់កាតគណបក្ស អ្នកឯងកាន់កាតជាអ្នកសារព័ត៌មាន ហើយនៅពេលដែលអ្នកឯងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌបែរជា   យកកាតគណបក្ស រឺកាតអ្នកសារព័ត៌មាន យកមកធ្វើជាអាវក្រោះ ដើម្បីការពារខ្លួនឲ្យផុតពីសំណាញ់ច្បាប់បានទេ។