ប្រមុខរាជរដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋចូលរួមធ្វើជំរឿនទាំងអស់គ្នា

វិទ្យុជាតិកម្ពុជា​៖ ដោយ ប៉ុង សុភាវី៖

ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រ  កម្ពុជា ឆ្នាំ២០១៩ នៅសល់រយៈពេល៩ថ្ងៃទៀតប៉ុណ្ណោះ ដែលបានចាប់ផ្ដើមពីថ្ងៃទី៣ ខែមីនា រហូតទៅដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមធ្វើជំរឿនអោយបានគ្រប់ៗគ្នា។ 

ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចាក់ថាប្រជាពលរដ្ឋរបស់យើង បើអាចជៀសវាងមេត្តាកុំធ្វើដំណើរទៅឆ្ងាយ ហើយសូមមេត្តាយោគយល់រាល់ការអនុគ្រោះអោយមន្រ្តីជំរឿនចូលទៅតាមលំនៅដ្ឋាន នៅក្នុងពេលយប់។

សម្ដេចតេជោបន្តថាការធ្វើជំរឿននេះវាអត់មានទាក់ទិននឹងនយោបាយទេ គឺដើម្បីបំរើអោយផលប្រយោជន៍ទាំងអស់គ្នា។

ព្រោះពេលថ្ងៃបងប្អូនចេញមកធ្វើការ ចឹងមន្រ្តីជំរឿនមិនអាចមានឱកាសដើម្បីនឹងចូលទៅកាន់លំនៅឋានរបស់បងប្អូនទេ មិនអាចជួបអ្នកដែលត្រូវធ្វើជំរឿននោះទេ ចឹងមានតែពេលយប់ ហើយកន្លែងខ្លះដោយសារតែប្រជាពលរដ្ឋរបស់យើងក៏ធ្វើដំណើរមកពីជនបទ ហើយគាត់មិនអាចត្រឡប់ទៅវិញទាន់ពេល គាត់អាចស្នាក់អាស្រ័យនៅកន្លែងនេះ នៅកន្លែងនោះ ក៏សូមមេត្តាអធ្យាស្រ័យធ្វើការយោគយល់ចំពោះមន្រ្តីជំរឿន ផ្តល់ប្រកាសអោយគាត់ បានធ្វើបទសម្ភាស ហើយសម្រេចនូវគ្រប់ការកត់ត្រា សំរាប់ជំរឿនមួយនេះ យើងដឹងអំពីស្ថានភាពពិត ចំនួនប្រជាជនពិតរបស់យើង នឹងដឹងអំពី យើងយកទៅប្រៀបធៀបទៅនឹងជំរឿនពេលមុន អត្រាមនុស្សនៅជនបទប៉ុន្មាន អត្រាមនុស្សនៅទីក្រុងកើតឡើងប៉ុន្មាន អត្រាស្លាប់នៅក្នុងរយៈពេលមុនប៉ុន្មាន អត្រាស្លាប់នៅក្នុងរយៈពេលក្រោយប៉ុន្មាន ចំនួនប្រជាពលរដ្ឋដែលមុននេះ ពេលនេះមានមធ្យោបាយធ្វើដំណើរប៉ុន្មាន ហើយបើគិតតាំងពីមុនកើនឡើងចំនួនប៉ុន្មាន អ្នកប្រើប្រាស់ទូរស័ព្ទ ដែលមុននោះប្រើប្រាស់ប៉ុន្មាន ពេលនេះប៉ុន្មាន យើងក្ដាប់បានយ៉ាងដូច្នេះ យើងនឹងអាចដឹងបាននូវការចរន្តវិវត្ត នៅពេលខាងមុខរបៀបម៉េច ហើយយើងត្រូវគ្រប់គ្រងសភាពការនោះយ៉ាងដូចម្ដេច ឧទាហរណ៍ ការកើនឡើងនូវចំនួនប្រជាពលរដ្ឋ ដែលចាកចេញពីតំបន់ជនបទ មកកាន់បណ្តាទីក្រុង បានធ្វើអោយចំនួនមនុស្សនៅក្នុងទីក្រុង មិនថានៅទីក្រុងភ្នំពេញទេ ទីក្រុងដទៃមានការកើនឡើងជាមួយនឹងការថយចុះនៃចំនួនប្រជាពលរដ្ឋដែលត្រូវធ្វើកសិកម្មនៅតាមជនបទ ចឹងទេវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការចូលរួមធ្វើជំរឿនលើកនេះ ដែលរាជរដ្ឋាភិបាលបានប្រើប្រាក់កាកយ៉ាងច្រើន សម្រាប់ការធ្វើជំរឿនមួយនេះ សូមប្រជាពលរដ្ឋចូលរួមនៅក្នុងការធ្វើជំរឿនរបស់យើង ហើយយើងសូមអោយ បណ្តាស្ថានីយវិទ្យុ ទូរទស្សន៍ បណ្តាផ្សព្វផ្សាយទាំងអស់ ដែលនៅក្នុងប្រព័ន្ធគាំទ្ររាជរដ្ឋាភិបាល ប្រព័ន្ធអាព្យាក្រិត ឬប្រព័ន្ធប្រចាំរដ្ឋាភិបាលទេ នេះជាផលប្រយោជន៍ដូចគ្នា ហើយការធ្វើជំរឿននេះវាអត់មានទាក់ទិននឹងនយោបាយទេ៕