សម្តេចតេជោហ៊ុន សែន អញ្ជើញបើកអន្តរកិច្ចប្រជុំ RCEP​(អ.សិប)ថ្នាក់រដ្ឋមន្ត្រីលើកទី៧

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖


នៅព្រឹកថ្ងៃទី០២ខែមីនាឆ្នាំ២០១៩នេះ សម្តេចអគ្គសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7f RCEP ISSL MM) នៅសណ្ឋាគារសុខាអង្គរខេត្ត សៀម រាប។


អន្តរកិច្ចប្រជុំរដ្ឋមន្ត្រី RCEP(អ.សិប) លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានការអញ្ជើញចូល រួមពីគណៈប្រតិភូរដ្ឋមន្រ្តីនៃប្រទេសអាស៊ានទាំង 10 ជាមួយប្រទេសជាដៃគូដែលមានកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ានដូចជាអូស្រ្តាលី ,ឥណ្ឌា ,ជប៉ុន ,កូរ៉េខាងត្បូង និងញូវ ហ្សេឡែន ។


កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបន្តការចរចានិងដោះស្រាយបញ្ហាសេសសល់នានា បន្ទាប់ពីកិច្ចប្រជុំគណ:កម្មការចរចាពាណិជ្ជកម្មលើកទី 25 និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងកាលពីថ្ងៃទី 19 ដល់ទី 28 ខែកុម្ភះឆ្នាំ 2019តាមអាណត្តិដែលផ្តល់ឲ្យដោយថ្នាក់ដឹកនាំនៃប្រទេសចរចាRCEP  ទាំង 16 នៅអំឡុងកិច្ច ប្រជុំកំពូល RCEPលើកទី 2 កាលពីថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2018 នៅប្រទេសសិង្ហបុរី។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាល នៃការ ចរចា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ (អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូ វែលហ្សេឡង់)។
កិច្ចព្រមព្រៀងនេះ ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលបានចាប់ផ្តើមចរចាក្នុងឆ្នាំ ២០១២ នៅព្រះរាជាណាចក្រកម្ពុជា។ RCEP មានទំហំ GDP ជិត ៣០% នៃ GDP ពិភព លោក (គិតត្រឹមឆ្នាំ២០១៤) មានប្រជាជនស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប, មាន ៣១,៦% នៃផលិតកម្មពិភពលោក,២៨.៥% នៃពាណិជ្ជកម្មពិភពលោក និងមួយភាគប្រាំ (១/៥) នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ២០១៦)។