ក្រុមបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាគ្រោងស្នើសុំរាជរដ្ឋាភិបាលហាមឃាត់ការលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ៖

ក្រុមបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោងស្នើរាជរដ្ឋាភិបាលហាមឃាត់ការលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងក្នុងអំឡុងពិធីបុណ្យប្រពៃណីជាតិធំៗផ្សេងទៀត ដើម្បីចូលរួមមួយផ្នែកនៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។


លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឲ្យដឹងថា បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា កំពុងពិនិត្យលទ្ធភាពស្នើសុំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឱ្យធ្វើការកំណត់ការហាមឃាត់ក្នុងកំរិតណាមួយ ចំពោះអាជីវកម្ម ឬការលក់ដូរគ្រឿងស្រវឹងនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពាក់ព័ន្ធនឹងការពិសាគ្រឿងស្រវឹង ហើយបើកបរ។
គម្រោងសំណើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសទី១ រវាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិល វិស័យឯកជន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីរៀបចំវិធានការចាំបាច់សម្រាប់បង្ការ និងកាត់បន្ថយគ្រោះថ្នាកចរាចរណ៍ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៩ខាងមុខនេះ។
ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១ ខែមីនានេះ លោក គឹម បញ្ញា បានបញ្ជាក់ថា ជាទិសដៅក្រុមបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានភាគីស្ថាប័នតំណាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន នឹងខិតខំជំរុញឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលធ្វើការសម្រេចចិត្ត ធ្វើការដាកកំរិតចំពោះអាជីវកម្មលក់ដូរគ្រឿងស្រវឹងនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ឲ្យដូចការហាមឃាត់ការលក់ដូរគ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោតដែលធ្លាប់ធ្វើជារៀងរាល់លើក។
បើតាមការបញ្ជាក់ពីលោក គឹម បញ្ញា បានឲ្យដឹងថា លោកជំទាវ មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានចូលរួមកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសរបស់បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគាំទ្រនូវគម្រោងសំណើនេះ។ ប៉ុន្តែការសម្រេចដាក់សំណើទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយ៉ាងនោះ គឺនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។
យ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ដែលបង្កឡើងដោយការបើកបរក្រោមឥទ្ធិពលស្រវឹង គឺមានតែចំនួន៥ភាគរយប៉ុណ្ណោះ ខណៈគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់ធ្ងរ បង្កឡើងដោយការបើកបរហួសល្បឿនកំណត់មានរហូតដល់៣៧ភាគរយ ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវមាន១៩ភាគរយ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់១១ភាគរយ ការមិនប្រកាន់ស្តាំ១៣ភាគរយ ការបត់មិនប្រុងប្រយ័ត្ន១០ភាគរយ លក្ខណៈបច្ចេកទេសយានយន្ត៣,៥ភាគរយ ងងុយ២ភាគរយ និងមកពីកត្តាផ្លូវថ្លល់៕