សម្តេចតេជោហ៊ុនសែនព្រមានដាក់ទោសទណ្ឌធ្ងន់ធ្ងរចំពោះមន្រ្តីណាដែលធ្វើផ្តេសផ្តាសប៉ៈពាល់ដល់ផលប្រយោជន៍ជាតិ

វិទ្យុជាតិកម្ពុជា ៖ អ៊ី កនិកា ៖

សម្តេចតេជោហ៊ុនសែនបានព្រមានដាក់ទោសទណ្ឌធ្ងន់ធ្ងរចំពោះមន្រ្តីណាដែលធ្វើ សកម្មភាពផ្តេសផ្តាស ដើម្បីការពារកុំអោយខូចប្រយោជនន៍ជាតិ។
សម្តេចតេជហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ធ្ងន់ៗថាមន្ត្រីរាជការ ណាក៏ដោយ អោយតែធ្វើអំពើផ្តេសផ្តាស ត្រូវតែទទួលវិន័យ ចំពោះអ្វីដែលពួកគេបានធ្វើ គឺមិនលើកលែងអោយឡើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូង ឃ្មុំ» នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើមន្រ្តីរាជការនោះប្រព្រឹត្តិខុសធ្ងន់ធ្ងរនឹងទទួលការបណ្តេញចេញ ឬ ការផ្តន្ទាទោសដោយច្បាប់។ ការព្រមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនាពេលនេះ បានធ្វើឡើងខណៈដែលមានមន្រ្តីមួយចំនួនបានប្រព្រឹត្តខុសពីតួនាទីរបស់ខ្លួនហើយប៉ៈពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។
សម្តេចតេជោបានចាត់ទុកថា ចាប់ពីពេលនេះទៅ ខ្លាក៏វាយ ពស់ក៏វាយ កណ្តុរក៏វាយ កណ្តូបក៏វាយ រុយក៏វាយ វាយទាំងអស់ឲ្យតែបំផ្លាញដល់ផលប្រយោជន៍ជាតិរំខានដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
« ត្រូវតែវាយហើយខ្ញុំដើរដល់អភិក្រមទី៥ ដែលចាំបាច់ត្រូវតែធ្វើហើយ ម្សិលមិញមានការប្រជុំ អ្នកទាំងឡាយនៅក្នុងខេត្តត្បូងឃ្មុំ សុទ្ធតែបានអង្គុយស្តាប់នៅអ្វីដែលខ្ញុំបាននិយាយ ខ្ញុំគ្មានពេលបន្ថែម អប់រំណែនាំបន្ថែមទេ ពីព្រោះខ្ញុំបាននិយាយច្រើន បានប្រើពេលច្រើនហើយ ដូច្នេះ ខ្ញុំអត់មានពេល ដើម្បីនឹងនិយាយជាមួយអស់លោកអ្នកតទៅទៀតទេ ទាំងមន្ត្រីរាជការស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ កុំថាអ្នកឯងពាក់ផ្កាយ ពាក់លោកខែ ក៏ខ្ញុំយកចេញ ដែរខ្ញុំប្រើថា ខ្លាក៏វាយ ពស់ក៏វាយ កណ្តុរក៏វាយ កណ្លាតក៏វាយ រុយក៏វាយ វាយទាំងអស់ ខ្ញុំចង់ឲ្យ ល្បឿននៃការអភិវឌ្ឍន៍របស់យើងវាទៅមុខ ដោយមិនឈប់ឈរ ។ ហើយដែរប្រជាជន ទទួលស្គាល់ថាអ្វីដែលគាត់ប្រឹងបោះឆ្នោតឲ្យគណបក្សប្រជាជន ពួកគាត់នឹងទទួលផលបានពិតប្រាកដ ពីការអភិវឌ្ឍន៍របស់យើង ដោយគ្មានការរំខានពីមន្ត្រី ដែលស៊ីប្រាក់ខែរបស់រដ្ឋនោះទេ ។សូមចាំឲ្យបាន យើងមានមន្ទីរពេទ្យល្អ គ្រូពេទ្យត្រូវតែបម្រើប្រជាជន ឲ្យស្មោះត្រង់ ថ្ងៃនេះ យើងធ្វើការ នៅក្រុងដើម្បី សុខមាលភាពរបស់ប្រជាជន មានតែមន្ទីរពេទ្យ បើអត់គ្រូពេទ្យ ក៏មិនបានដែរ ហើយបើមានគ្រូពេទ្យ តែគ្រូពេទ្យអត់គុណធម៌ អត់វិជ្ជាជីវៈ យើងនៅតែមិនអាចដោះស្រាយបានសំរាប់ប្រជាពលរដ្ឋ ដូច្នេះខ្ញុំក៏អំពាវនាវ ជាមួយនឹងគ្រូពេទ្យទាំងអស់ បង្កើនការយកចិត្តទុកដាក់ទទួលខុសត្រូវ ទៅលើសុខមាលភាពរបស់ប្រជាពលរដ្ឋ ៕