សម្តេចតេជោហ៊ុនសែននៅតែចាត់ទុកប្រទេសចិនគឺជាមិត្តដ៏ល្អរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖


សម្តេចតេជោហ៊ុនសែននៅតែចាត់ទុកប្រទេសចិនគឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយបានជួយកម្ពុជាដោយស្មោះត្រង់ ហើយគោរពអធិបតេយ្យភាព និងឯករាជ្យភាពមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ កម្ពុជាឡើយ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា ទំនាក់ទំនងមិត្តភាពកម្ពុជាជាមួយនឹងចិនក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែមានទំនាក់ទំនងល្អទៅល្អទៅហើយបានផ្តល់ផ្លែផ្កាជាច្រើនពិសេសការចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសកម្ពុជាឲ្យមានការរីកចំរើនលើគ្រប់វិស័យ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូង ឃ្មុំ» នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជសណាចក្រកម្ពុជាបានមានប្រសាសន៍ថា ចិនគឺជាមិត្តដ៏ល្អដោយមិនប្រកាន់និន្នាការនយោបាយ ជាមិត្តពិតប្រាកដ មិត្តដែលចេះជួយគ្នានិងមិត្តដែលចេះគោរពឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា លើមូលដ្ឋាន នៃចំណងទាក់ទង ដែលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះរតនកោដ្ឋបានរួមជាមួយថ្នាក់ដឹកនាំចិនកាលពីជាង ៦០ ឆ្នាំមុនបានកសាងទំនាក់ទំនងនេះ។
សម្តេចតេជោបន្ថែមថា បច្ចុប្បន្នទំនាក់ទំនងនេះក៏ត្រូវបានបន្តថែរក្សានិង ពូនជ្រុំដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងដោយសម្តេចផ្ទាល់ ជានាយករដ្ឋមន្រ្តីបន្តការពូនជុំ នៃទំនាក់ទំនងនេះ។
«តាមរយៈការទំនាក់ទំនងនេះគេបានឃើញការរីកដុះដាលយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឲ្យការអភិវឌ្ឍប្រទេសជាតិរបស់យើង ផ្លូវថ្នល់ ស្ពាន ជាច្រើនដែលបានសាងសង់រួចហើយ ហើយបានដាក់ឲ្យដំណើរការប្រើប្រាស់ និងកំពុងសាងសង់បន្តទៅទៀត ដែលកំពុងតែសាងសង់ថ្មីនឹងបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ មន្ទីរពេទ្យសាលារៀនជាពិសេសគឺសាកលវិទ្យាល័យនៅខេត្តក្រចេះដែលខ្ញុំបាទបានចូលរួមសម្ពោធកាលពី ប៉ុន្មានខែមុននេះក៏ត្រូវបានប្រើប្រាស់នៅទីនោះ ជំនួយក៏ដូចជាការវិនិយោគពីក្រុមហ៊ុនរបស់ចិន បានចូលមកវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ។ យោងទៅលើការប៉ាន់ស្មានក្រុមហ៊ុនចិនដោះស្រាយការងារធ្វើប្រមាណមិនតិចជាងកន្លះលាននាក់នោះទេដែលបានដោះស្រាយការងារធ្វើសម្រាប់ប្រជាពលរដ្ឋរបស់យើងឱ្យទទួលបានប្រាក់បៀវត្សសំរាប់ទ្រទ្រង់ ជីវភាពគ្រួសាររបស់កម្មករកម្មការិនីរបស់យើងនឹងវិស័យជាច្រើន។ ហើយសូម្បីតែអគ្គិសនីប្រើប្រាស់បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុនចិនស្ទើរតែទាំងអស់ ដែលបានវិនិយោគទៅលើវិស័យអគ្គិសនីនៅកម្ពុជាខ្ញុំមិននិយាយទាំងស្រុងទេ អាចថានៅក្នុងចន្លោះ ៧០ និង ៨០ ភាគរយ នៃការប្រើប្រាស់អគ្គិសនីបច្ចុប្បន្ននៅកម្ពុជា ដែលទំហំទុនវិនិយោគរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក និងខ្សែបញ្ជូនចែកចាយរាប់ទាំងសេសានក្រោម២នៅឯខេត្តស្ទឹងត្រែងហើយដែលឆ្លងកាត់ខេត្តត្បូងឃ្មុំទៅកំពង់ចាមរបស់យើង រុញភ្លើងចូលទៅទីក្រុងភ្នំពេញដែលបានមកពីការវិនិយោគពីសំណាក់បណ្តាក្រុមហ៊ុនមកពីសាធារណៈរដ្ឋប្រជាមានិតចិន គ្រាន់តែតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ គឺបានដោះស្រាយការងារធ្វើសម្រាប់កម្មករកម្មការិនីរបស់យើងប្រមាណជាង ៣ ម៉ឺននាក់រួចស្រេចទៅហើយ អញ្ចឹងទេនោះហើយគឺជាតម្រូវការនៃការអភិវឌ្ឍប្រទេសមួយដែលយើងចង់បាន ទាំងជំនួយ ទាំងកម្ចីសម្រាប់សម្បទាន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផង និងយើងក៏ចង់បានអ្នកវិនិយោគមកវិនិយោគនៅក្នុងប្រទេសរបស់យើងផង៕