កូរ៉េខាងជើងគ្រាន់តែស្នើដល់អាម៉េរិកឱ្យលុបចោលទណ្ឌកម្មមួយផ្នែកប៉ុណ្ណោះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះបាននិយាយនៅក្រុងហាណូយកាលពីព្រឹកថ្ងៃសុក្រនេះថា កូរ៉េខាងជើង គ្រាន់តែបានស្នើដល់អាម៉េរិកឱ្យលុបចោលមួយផ្នែក នៃទណ្ឌកម្មរបស់ខ្លួនលើក្រុងព្យុងយ៉ាងប៉ុណ្ណោះ ។

លោក រី យ៉ុងហូ ( Ri Yong Ho ) បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា អ្វីដែលយើងបានស្នើនោះ គឺមិនមែនឱ្យលុបចោលទណ្ឌកម្មទាំងអស់នោះទេ គឺគ្រាន់តែឱ្យគេលុបចោលមួយផ្នែកប៉ុណ្ណោះ ដោយនិយាយថា កូរ៉េខាងជើងគ្រាន់តែបានស្នើឱ្យគេលុបចោលមុនគេទណ្ឌកម្មទាំងឡាយណាដែលបង្អាក់ដល់ការចិញ្ចឹមជីវិត ប្រជាជនរបស់យើងប៉ុណ្ណោះ ។

លោក រី បាននិយាយថា បើអាម៉េរិកយល់ ព្រមចំពោះសំណើនេះ កូរ៉េខាងជើង នឹងរំលាយចោលជាអចិន្ត្រយ៍ និងទាំងស្រុងមូលដ្ឋានផលិតនុយក្លេអ៊ែរទាំងអស់ក្នុងតំបន់  Yongbyon  ដែលរួមមានទាំងព្លុយតូនីញ៉ូម និងអ៊ុយរ៉ានីញ៉ូម ផងក្នុងវត្តមាននៃពួកអ្នកជំនាញការអាម៉េរិក និងតាមរយៈការងាររួមនៃពួកអ្នកបច្ចេកទេស របស់ប្រទេសទាំងពីរ​ ។

លោកបាននិយាយបន្ថែមថា សំណើនេះ គឺជាវិធានការធ្វើមិនឱ្យមាននុយក្លេអ៊ែរដ៏ធំបំផុតដែលយើងអាចប្រកាន់យកនៅដំណាក់កាលបច្ចុប្បន្នដែលទាក់ទងទៅនឹងកម្រិតបច្ចុប្បន្ន នៃជំនឿទុកចិត្តរវាងអាម៉េរិក និងកូរ៉េខាងជើង ។

លោក រី បាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីនោះ កូរ៉េខាងជើងបានសម្តែងនូវចេតនា ក្នុងការធ្វើការសន្យាស្តីពីការបញ្ឈប់ជាអចិន្ត្រៃយ៍ការសាកល្បងនុយក្លេអ៊ែរ និងការធ្វើតេស្តបាញ់រ៉ុក្កែត រយៈឆ្ងាយក្នុងទម្រង់ជាលាយល័ក្ខអក្សរដើម្បីដោះស្រាយកង្វល់របស់អាម៉េរិក ។

លោកបាននិយាយថា តែយ៉ាងណាក៏ដោយក្នុងអំឡុងកិច្ចប្រជុំនោះអាម៉េរិកបានទទូចថា យើងត្រូវតែប្រកាន់យកជំហានមួយថែមទៀតក្រៅពីការរំលាយចោលមូលដ្ឋាននុយក្លេអ៊ែរ ក្នុងតំបន់  Yongbyon   ។ ដូច្នេះវាច្បាស់ណាស់ដែលថា​ អាម៉េរិកមិនបានត្រៀមខ្លួនទទួលយកសំណើររបស់យើងទេ  ។

លោកបានសង្កត់ធ្ងន់ថា ជំហរជាគោលការណ៍របស់កូរ៉េខាងជើង នឹងឥតផ្លាស់ប្តូរដដែលប្រសិនបើអាម៉េរិកស្នើធ្វើកិច្ចចរចា ម្តងទៀតក្នុងពេលអនាគតនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )