ជប៉ុនប្រមូលព័ត៌មានលម្អិតអំពីកិច្ចប្រជុំកំពូលលើកទីពីរ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩​  — រដ្ឋលេខាធិការខុទ្ទកាល័យរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងធ្វើការដើម្បីប្រមូលព័ត៌មានលម្អិតទាក់ទងនឹងកិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីសហរដ្ឋ-អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលទើបបញ្ចប់នាពេលថ្មីៗនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ លោក Suga បានអះអាងថា ជប៉ុនបន្តធ្វើការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកក្នុងការស្វែងរកដំណោះស្រាយចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលផ្លោង។

លោកបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុននឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ លោក Suga បានថ្លែងថា ភាគីទាំងពីរកំពុងរៀបចំពេលវេលាសមស្របមួយសម្រាប់កិច្ចសន្ទនា តាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់- ត្រាំ ។

កិច្ចប្រជុំកំពូលលើកទី២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ក្នុងអំឡុងពេលដែលបញ្ហាជាច្រើនត្រូវបានពិភាក្សា ប៉ុន្តែមិនមានសេចក្តីថ្លែងការណ៍រួមត្រូវបានចេញផ្សាយនោះឡើយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)