មន្ត្រីពាណិជ្ជកម្មចិនអំពាវនាវដល់ EU  ឱ្យមានការបើកចំហនិងរាប់បញ្ចូល

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ — មន្ត្រីពាណិជ្ជកម្មចិនមួយរូប កាលពីថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវដល់សហភាពអឺរ៉ុប( EU ) ឱ្យប្រកាន់យកនូវអាកប្បកិរិយាបើកចំហ និងមានរាប់បញ្ចូលមួយចំពោះក្រុមហ៊ុនបរទេស​ ព្រមទាំងបង្កើតនូវបរិយាកាស ពាណិជ្ជកម្មបើកចំហ , មានតម្លាភាព និងសមស្របសម្រាប់ពួកគេ ។

លោក ហ្គាវ ហ្វេង ( Gao Feng ) អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានធ្វើការកត់សម្គាល់នេះនៅឯសន្និសីទសារព័ត៌មានមួយនៅពេលធ្វើអត្ថាធិប្បាយ ស្តីពីការអនុម័តយល់ ព្រមកាលពីពេលថ្មីៗនេះ របស់សភាអឺរ៉ុបនូវយន្តការមួយ ដើម្បីត្រួតត្រាការធ្វើវិធិយោគបរទេសនៅក្នុងផ្នែកសំខាន់ៗ

លោក ហ្គាវ បាននិយាយថា EU តែងតែជាអ្នកគាំទ្រមួយដល់ការធ្វើពាណិជ្ជកម្មសេរី ដោយលោក និយាយបន្ថែមថា លោកសង្ឃឹមថា  EU អាចបន្តជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ព្រមទាំងការសម្រួលនឹងបង្កើតនូវបរិយាកាសពាណិជ្ជកម្មមួយដែលត្រឹមត្រូវសម្រាប់អ្នកអ្នកវិនិយោគបរទេស ។

លោក ហ្គាវ បាននិយាយថា បរិយាកាសបើកចំហមួយមិនគ្រាន់តែមានផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចរបស់ EU ប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់វិបុលភាពរបស់ពិភពលោកផងដែរ ។

ការធ្វើវិនិយោគដោយផ្ទាល់របស់ក្រុមហ៊ុនចិននៅក្នុង EU បានកើនឡើង ៣,៣ ភាគរយលើឆ្នាំកន្លងទៅ  ទៅដល់ ៧,៨២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨ ។

លោក ហ្គាវ បាននិយាយថា ចិននឹងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានការប្រកួតប្រជែង ព្រមទាំងដែលជឿទុកចិត្តឱ្យធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគនៅក្នុង EU ដើម្បីឱ្យសម្រេចបាននូវលទ្ធផលឈ្នះឈ្នះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )