រដ្ឋបាលខេត្តកំពង់ចាម បន្តស្ថាបនាផ្លូវបេតុង៧០Bនៅស្រុកកោះទិន

វិទ្យុជាតិកម្ពុជា ៖ អ៊ី កនិកា៖រដ្ឋបាលខេត្តកំពង់ចាម បន្តស្ថាបនាផ្លូវបេតុង៧០Bនៅស្រុកកោះទិន ដើម្បីឲ្យប្រជាពលរដ្ឋក្នុងការធ្វើដំណើរមិនមានការលំបាក ។
ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកកោះសូទិនថ្មី កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា លោកអភិបាលស្រុកកោះសូទិនថ្មី ទើបតែចូលកាន់មុខតំណែងនេះ ត្រួវខិតខំប្រឹងប្រែងបន្តការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អ ទន្ទឹមនឹងនោះដែរ ត្រូវចេះដោះស្រាយបញ្ហា និងសំណូមពរ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ត្រូវចេះរើសយកបញ្ហាណាសំខាន់ មកចាត់ជាអាទិភាព ដើម្បី យកមកដោះស្រាយ ជាមុន ។


ជាមួយគ្នានោះដែរ ក៏សូមឲ្យអភិបាលស្រុក ត្រូវបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានបន្ថែមទៀត ជាពិសេស ត្រូវបន្តផែនការសកម្មភាពទំនាក់ទំនង បន្តរុករក ដើម្បី ស្ថាបនាផ្លូវបេតុង ៧០ B ដែលតភ្ជាប់ពីស្រុកស្រីសន្ធរ មកស្រុកកោះសូទិន ដើម្បី ជាប្រយោជន៍ឲ្យប្រជាពលរដ្ឋ នៅក្នុងស្រុកកោះសូទិននេះ បានប្រើប្រាស់ ។


ឯកឧត្ដមបានសង្កេតឃើញថា កន្លងទៅ ផ្លូវនៅក្នុងស្រុកកោះសូទិន មានការលំបាកក្នុងការធ្វើដំណើរ បើទោះជា ទឹកមិនជន់លិច និងបែកភក់ទេ គឺត្រូវដីហុយ តែម្តង ដូច្នេះ លោកអភិបាលស្រុក ត្រូវតែខិតខំបន្តពន្លឿនលើកិច្ចការនេះ ដែលជាការចាំបាច់ ឲ្យបងប្អូនប្រជាពលរដ្ឋ ឆាប់បានផ្លូវបេតុងប្រើប្រាស់ ទៅតាមសំណូមពរ ។
គួរបញ្ជាក់ផងដែរថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវប្រកាស លោក យី វណ្ណៈ ឲ្យចូលកាន់មុខតំណែង ជាអភិបាលស្រុកកោះសូទិន ជំនួស លោក ផេន សុផល អភិបាលស្រុកចាស់ ត្រូវផ្លាស់ទៅកាន់តំណែង ជាអភិបាល ស្រុកបាធាយ វិញ ៕