សិក្ខាសាលាផ្សព្វផ្សាយការអនុវត្តគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា

AKP មណ្ឌលគិរី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ -នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយការអនុវត្តគម្រោងអភិរក្សដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌគិរី ក្រោមអធិបតីភាព ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រោមជំនួយគាំទ្រដោយគម្រោង USAID និងមានការអញ្ជើញចូលរួមពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និង នាយកអង្គការសមាគមអភិរក្សសត្វព្រៃ WCS សរុបប្រមាណ ៧០នាក់។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធអំពីគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា និង ផ្ដល់ព័ត៌មានថ្មីៗអំពីស្ថានភាពបច្ចុប្បន្ន នៃការអនុវត្តសកម្មភាពនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ មូលដ្ឋាន អ្នកពាក់ព័ន្ធ និង សហគមន៍សម្រាប់អនុវត្តន៍សកម្មភាពនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ប្រកបដោយប្រសិទ្ធភាព។

គួររម្លឹកថា ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្ដប់លើផ្ទៃដីទំហំ ២៩២.៦៩០ហិកតា មានទីតាំងស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលស្ថិតក្នុង ខេត្តមណ្ឌលគិរី និង មួយផ្នែកតូចស្ថិតក្នុង ខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃកែវសីមា មានប្រភេទសត្វព្រៃដែលរងគ្រោះជិតផុតពូជជាសកលជាង ៤១ប្រភេទ ដែលទទួលរងការគំរាមកំហែងទូទាំងសកលលោក ហើយត្រូវបានរកឃើញនៅក្នុងតំបន់នេះ។

កាលចុងឆ្នាំ២០១៨កន្លងទៅនេះ គម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា គាំទ្រដោយគម្រោង USAID ត្រូវបានអនុម័ត ហើយគម្រោងនេះត្រូវបានបង្កើតឡើងដោយភាពជោគជ័យពីគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ USAID ដែលបានកាត់បន្ថយការបាត់បង់ព្រៃឈើ ការការពារសត្វព្រៃ ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕

ដោយ ណយ នឿន (ប្រភព មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី)