អន្តរក្រសួងពិនិត្យវាយតម្លៃហេតុប៉ះពាល់បរិស្ថានគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យកសិ-ឧស្សាហកម្ម

AK Pភ្នំពេញ ថ្ងៃទី0១ ខែមីនា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញដំបូង លើគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យ កសិ-ឧស្សាហកម្មដាំដំណាំអំពៅ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យ កសិ-ឧស្សាហកម្ម ដាំដំណាំអំពៅរបស់ក្រុមហ៊ុន ៩៩ អភិវឌ្ឍន៍កសិកម្ម នៅលើផ្ទៃដីទំហំ ១.៤០០ហិកតា ដែលមានទីតាំងភូមិសាស្រ្តភ្នំឱរ៉ាល់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលគម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា PPiC។

កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសា ធារណការនិងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងការងារ និងបណ្តុះ       បណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។

ក្រោយពីបានពិនិត្យ និងជជែកពិភាក្សា កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

១-គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន ព្រោះបានលើកស្ទួយសេដ្ឋកិច្ចជាតិ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ ។ ២-រៀបចំផែនការប្រើប្រាស់ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត បរិមាណប្រើប្រាស់/ហិកតា ។ ៣-ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ថង់ជីគីមី ដបថ្នាំសម្លាប់សត្វល្អិត ជាដើម ។ ៤-ក្រុមហ៊ុនទីប្រឹក្សាត្រូវទទួលយក និងកែសម្រួលតាមមតិយោបល់មន្រ្តីជំនាញជាសមាជិកអង្គប្រជុំទាំងអស់៕

ដោយ ពេជ្រ ណារិទ្ធ