សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ នៅខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ -នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដែលមានសមាជិកជាង ១.០០០នាក់។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តnឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង បានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបស្តីពី លទ្ធផលនៃដំណើរការសន្និបាត និងបញ្ហាប្រឈមនានា ក្នុងអង្គសន្និបាត ព្រមទាំងបានស្តាប់ របាយការណ៍បូកសរុបលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងបទអន្តរាគមន៍ចំនួន៨ ពីសំណាក់អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។ ជាមួយគ្នានោះ អង្គសន្និបាតបានពិភាក្សារកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការពង្រឹង និងអនុវត្តន៍ទិសដៅ ភារកិច្ចរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ថ្លែងក្នុងឱកាសបិទសន្និបាតនេះសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សន្និបាតរដ្ឋបាលខេត្តបាត់ដំបង មិនគ្រាន់តែឆ្លុះបញ្ចាំងនូវសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្តប៉ុណ្ណោះទេ ថែមទាំងបានបូកសរុបវាយតម្លៃ តាមវិស័យនានាក្នុងខេត្តទាំងមូល។ សម្តេចមានប្រសាសន៍បន្តថា ឆ្លងតាមរយៈអង្គសន្និបាត សម្តេចបានសំណូមពរគ្រប់គណៈបញ្ជាការឯកភាព បន្តលុបបំបាត់នូវរាល់បទល្មើស គ្រឿងញៀន គោរពច្បាប់ចរាចរ ណ៍ និងអនុវត្តន៍ឱ្យខានតែបានគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានណែនាំ និងផ្តាំផ្ញើដល់រដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតាំងចិត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយ ផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ ស្របតាមគោលការណ៍ច្បាប់របស់ក្រសួងមហា ផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

សម្តេចក្រឡាហោម បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ដែលជាមន្ត្រីថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ធ្វើយ៉ាងណា ដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋសំណូមពរ ថែរក្សាគ្រប់គ្រងទឹក សម្រាប់ដោះស្រាយនៅពេលជួបគ្រោះរាំងស្ងួត ថែរក្សា ការពារ អភិរក្សតំបន់មួយចំនួន អប់រំយុវជនកុំឱ្យប្រើប្រាស់គ្រឿងញៀន ជួយដល់ប្រជាកសិករ លើការងារបង្កបង្កើនផល ប្រកបដោយគុណភាព ស្របទៅនឹងទីផ្សារផងដែរ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)