សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យខេត្តត្បូងឃ្មុំ មានតម្លៃជិត ៥០លានដុល្លារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជសណាចក្រកម្ពុជ  នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បាន
អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូង ឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះដែរ។


តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឲ្យដឹងថា មន្ទីរពេទ្យកម្ពុជា- ចិន ត្បូងឃ្មុំ» ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំ ណងរបស់រដ្ឋាភិបាលចិន បន្ទាប់ពីគម្រោងសាង សង់មន្ទីរពេទ្យ «មិត្ត ភាព កម្ពុជា-ចិន ព្រះកុសុម: » ដែលជាគម្រោងទី១ ទើបចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ។


មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នឹងសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រក្រឡា លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រក្រឡា ដែលនឹងត្រូវសាងសង់ក្នុងរយ:ពេល ៤០ខែ។ មន្ទីរ ពេទ្យនេះនឹងចំណាយទឹកប្រាក់ប្រមាណ ៣១០ លានយ័ន ស្មើនឹងប្រមាណ ៤៥លាន៦៦ ម៉ឺនដុល្លារអាមេរិក។ មន្ទីរពេទ្យនេះ នឹងមានសភាពធំទូលាយ ហើយបំពាក់ទៅដោយគ្រឿងបរិក្ខាពេទ្យទំនើបៗថែមទៀតផង។


មន្ទីរពេទ្យនេះមានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន ៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅ, ជំងឺកុមារ, ជំងឺឆ្លង, ពិគ្រោះជំងឺក្រៅ, ប្រពោធនកម្ម (ICU), សង្គ្រោះបន្ទាន់, វះកាត់, រោគស្ត្រី និងសម្រាលកូន, រូបភាពវេជ្ជសាស្ត្រ និងEndoscopy, មន្ទីរពិសោធន៍, ឪសថស្ថាន, បន្ទប់រំងាប់មេរោគ, ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ, និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។


មន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្ត ក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។ មន្ទីរពេទ្យធំថ្មីនេះ មានតម្រូវការបុគ្គលិកជំនាញប្រមាណ ៤៥៦នាក់បន្ថែមទៀត។


សូមរំលឹកថា ខេត្តត្បូងឃ្មុំ ជាខេត្តទើបបង្កើតថ្មី ដោយកាត់ចេញពីខេត្តកំពង់ចាម កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបង្កើតថ្មីទាំងអស់។