គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានគោលការណ៍សំខាន់ៗមួយចំនួនធំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ភួង​ ឈុន​លាង​៖

គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មីបានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅរសៀលថ្ងៃទី២៨កុម្ភះឆ្នាំ២០១៩ ដឹកនាំប្រជុំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ជាប្រធានគណៈកម្មការ សមាជិកគំណៈកម្មការទាំងអស់ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី.ឯ.ក ដោយទទួលបានលទ្ធផលសំខាន់ៗមួយចំនួនធំ។


កិច្ចប្រជុំរបស់គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចកំណត់ខ្នាត 4F លើផ្ទៃដី ២៦០០ ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបាន ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ ហើយរដ្ឋបាលខេត្តទាំងពីរនេះនិងអគ្គនាយកដ្ឋានសូរិយោដី និងភូមិសាស្រ្ត កំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឲ្យបានច្បាស់លាស់។

ម៉្យាងវិញទៀតគណៈកម្មការបានប្រគល់ភារកិច្ចជូនក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់ ចុះកំណត់និយាមកាទីតាំងគម្រោងបោះបង្គោលព្រំ កំណត់តំបន់លំនៅឋាននិងកម្ពស់អគារ រៀបចំប្លង់លម្អិតនគរូបនីយកម្ម និងប្លង់ហេដ្ឋារចនាសម្ព័ន្ធតាមប្រព័ន្ធនិយាមកា Datum WGS 84 ក្នុងការវាស់វែង គូសទីតាំងក្បាលដីក្នុងផែនទីតែមួយ។


លទ្ធផលនៃអង្គប្រជុំក៏បានស្នើឲ្យស្ថាប័នពាក់ព័ន្ធគិតគូរជាមុនអំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា ការបង្កប់បំពង់ហ្គាស បណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី លូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ អង់តែនទូរសព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដី ជាពិសេសប្រព័ន្ធការពារ និងរំដោះទឹកជំនន់។

គណៈកម្មការក៏បានលើកទឹកចិត្តការប្រើប្រាស់ធនធានមនុស្សក្នុងស្រុកទាំងអ្នកជំនាញ និងអ្នកគ្មានជំនាញឲ្យអស់លទ្ធភាពក្នុងការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំថ្មីនេះផងដែរ។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈកម្មការៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចុះហត្ថលេខាដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។.